រកឃើញហើយម្ចាស់រថយន្តព្រូស ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចហៅមកដុសក្អែល ដោយផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន០៤ពិន្ទុ

0
744

ភ្នំពេញណ ៖ សេចក្តីរាយការណ៍ពីកងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។ នេះបើតាមប្រភពព័ត៌មានដែលទទួលបានពីសមត្ថកិច្ចនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។

បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនោះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន០៤ពិន្ទុ លើ០២ករណីរួមមាន៖១-បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ២-បណ្ណបើកបរផុតសុពលភាព។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា ជាពិសេសចៀសវាងបាននូវគ្រោះថ្នាក់ជាយថាហេតុ។

គួររម្លឹកថា ករណីនេះត្រូវបានគេថតបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាតធ្វើឲ្យមានការរិះគន់ពីមហាជនទូទៅ និងមានការហួសចិត្តជាខ្លាំងព្រោះតែការបើកបររបស់គាត់ហាក់ដូចជាព្រហើននិងផ្គើនចំពោះសមត្ថកិច្ចពេកហើយ ។នៅទីបំផុតសមត្ថកិច្ចបន្តស្រាវជ្រាវស្វែងរកម្ចាស់យានយន្តខាងលើនេះឲ្យទាល់តែបាន  ដើម្បីធ្វើការអប់រំផាកពិន័យនិងធ្វើកិច្ចសន្យាណែនាំដើម្បីជាគំរូដល់អ្នកផ្សេងទៀតនៅពេលក្រោយ៕

Facebook Comments
Loading...