ភ្នំពេញ ៖ យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់ លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ជ្រលងសម្ពាធទាបឥណ្ឌា និងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលកើតសារជាថ្មីអូសបន្លាយនៅលើភាគខាងជើងកម្ពុជា ស្ថិតក្នុងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្មមួយស្ថិតនៅក្នុងសមុទ្រតុងកឹង គួបផ្សំនឹងការបង្កើនល្បឿនបក់នៃរបបខ្យល់មូសុងនិរតី ផងនោះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានស្ថានភាព ៖-បណ្តាខេត្តនៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតកើនឡើងពីមធ្យមទៅច្រើន។ ស្ថានភាពបែបនេះ នឹងអាចបង្កឲ្យតំបន់ផ្ទៃរងទឹកភ្លៀង ទីទំនាបជាប់ផ្លួវទឹកនៅតាមបណ្តាខេត្តក្នុងភូមិសាស្ត្រទាំងនោះ ដែលទទួលបាននូវបរិមាណទឹកភ្លៀងច្រើនកន្លងរួចមកហើយ មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិ ហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង។
– បណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើនៅតាមតំបន់ខ្លះ ។ ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែល អាចធ្វើឲ្យទឹកទន្លេ មានការហក់ឡើងសារជាថ្មី ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕