ខេត្តរតនគិរី ៖ តាមប្រភពពីសមត្ថកិច្ច ស្រុកកូនមុំ ខេត្តរតនគិរី បានទម្លាយ ឲ្យ អ្នកសារព័ត៌មានដឹងថា រថយន្តខ្នាតយក្សមួយគ្រឿង ដែលដឹកឈើប្រភេទលេខ១ និងលេខ២ ដោយគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ ត្រូវបានសមត្ថកិច្ច ខិតខំពួកស្ទាក់បង្ក្រាប បាន ហើយប្រគល់រថយន្តនោះឲ្យទៅ ខណ្ឋរដ្ឋបាលព្រៃឈើមិនទាន់បានមួយថ្ងៃផង ស្រាប់តែមានមន្រ្តីនៅក្នុងខេត្តឋាន:ជាប្រធានមន្ទីររមកអន្តរាគមន៍ដោះលែងវិញ ថាឈើនេះជារបស់អ្នកមានអំណាចនៅក្នុងខេត្ត ហើយក៏ត្រូវបានដោះលែងវិញទៅ។ប៉ុន្តែគេមិនដឹងថា ថ្នាក់ដឹកនាំខេត្ត ជាម្ចាស់ឈើ នោះជាអ្នកណាទេ ហេតុអ្វីក៏ហ៊ានរកស៊ីដឹកឈើ ខុសច្បាប់។
សេចក្តីរាយការណ៏ ដែលផ្សាយដោយ អង្គភាពសារព័ត៌មាន SBM news បានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចវាលឆ្កែហត់ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខ្នាតយក្សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-8636 ដឹកជញ្ជូនឈើចេញមកពី ឃុំស្រែគរ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ស្រុកកូនមុំ ខេត្តរតនគិរី លុះមក ដល់កន្លែងកើតហេតុត្រូវបានមន្ត្រីជំនាញឃាត់ ក៏បានរកឃើញឈើប្រភេទលេខ១ និងលេខ២ ពេញឡានដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរឡើយ។ ប្រភពដដែលបន្តទៀតថា នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមឈ្មួញ អាចនឹង លួចដឹកឈើលោតឆត្រ័បែបនេះ គឺជាច្រើនលើកមកហើយ ទម្រាំបែកធ្លាយព័ត៌មានដល់សមត្ថកិច្ច។
ប្រភពពីសមត្ថកិច្ចស្រុកកូនមុំ បានឱ្យដឹងថា ពួកគាត់ទទួលបានព័ត៌មាននេះ ២ទៅ៣ថ្ងៃមកហើយ ទើបដាក់កម្លាំង ពួនស្ទាក់ទាំងយប់ទាំងថ្ងៃរហូតដល់ថៃ្ងទី១៨ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោងជិត៨ព្រឹក ទើបស្ទាក់ចាប់បានរថយន្តខ្នាតយក្សដែលក្រុម ឈ្មួញឈើដឹកជញ្ជូនឈើដោយខុសច្បាប់។ ប៉ុន្តែ អ្វីដែលហួសចិត្តនោះ ក្រុមប្រជាពលរដ្ឋថា ការបង្ក្រាបនេះគ្រាន់តែល្អមើលតែប៉ុណ្ណោះ ពោលគឺគ្រាន់តែបញ្ជូនរថយន្តមកដល់ខណ្ឋរដ្ឋបាលព្រៃឈើមិនទាន់បានមួយថ្ងៃផង ស្រាប់តែមានមន្រ្តីនៅក្នុងខេត្តឋាន:ជា ប្រធានមន្ទីររមកអន្តរាគមន៍ថា ឈើនេះជារបស់អ្នកមានអំណាចនៅក្នុងខេត្ត ហើយក៏ត្រូវបានដោះលែងវិញទៅ។នេះបើយោងតាម អង្គភាពសារព័ត៌មាន SBM news បានផ្សាយ។ យ៉ាងណាក៏ដោយ ជុំវិញបញ្ហាខាងលើ អង្គភាព យើងមិនទាន់អាចស្វែងរកការបំភ្លឺពី មន្រ្តីជំនាញ បានទេ ដោយសារគ្មានប្រភព ទំនាក់ទំនង អង្គភាពយើងរងចាំការបំភ្លឺជានិច្ច ។