ចាប់ខ្លួនពាណិជ្ជករម្នាក់ ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន

0
390

ភ្នំពេញ ៖ បុរសវ័យចំណាស់រូបនោះមានឈ្មោះ ហោ ស៊ីមលាង អាយុ៦៤ឆ្នាំ មុខរបរជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១២១ ផ្លូវលេខ៣៤៨ សង្កាត់ទទលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  ត្រូវបាន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២   ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន (រឿងដាក់តម្កល់ប្រាក់ប្រមាណ៦០ម៉ឺនដុល្លារអាមេរិក) ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទៅលើឈ្មោះ ហោ ស៊ឹម លាង ដោយបានបញ្ជាក់ថា ត្រូវបានចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ដោយឃើញថា ដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ ២៤១០ “ល” ដ.ព.ស ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់កា តព្វកិច្ចឲ្យជនត្រូវចោទឈ្មោះ ហោ ស៊ឹមលាង គោរពកាតព្វកិច្ចត្រូវដាក់ប្រាក់តម្កល់ខ្លួនចំ នួន ៦០ ម៉ឺនដុល្លារអាមេរិក នៅសាលាដំបូងរាជធានីភ្នំពេញ គិតពីថ្ងៃចេញដីកានេះទៅ។

ដីកាសម្រេចនេះ ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ទុកជាបានការដដែល តាមសាលដីកាលេខ ៥៤ ក្រ ឃ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនត្រូវចោទឈ្មោះ ហោ ស៊ីមលាង មិនបានអនុវត្តកាតព្វកិច្ចយកប្រាក់មកដាក់តម្កល់តាមដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនោះទេ តាមហេតុផលនេះ បានបញ្ជាក់ថា ជនត្រូវចោទបានគេចវេសដោយចេតនាពីកាតព្វកិច្ច នៃការត្រូវពិនិត្យតាមផ្លូវតុលាការ ទើបគប្បីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឲ្យប្រធានពន្ធនាគារទទួលឃុំខ្លួនជននេះ ។

សរុបឲ្យខ្លីមកវិញ ប៉េអឹមចាប់ខ្លួនពាណិជ្ជកររូបនោះ បញ្ជូនទៅតុលាការ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន គឺពាក់ព័ន្ធរឿងមិនគោរពកាតព្វកិច្ចដាក់តម្កល់ប្រាក់ចំនួន៦០ម៉ឺនដុល្លារអាមេរិកនៅតុលាការ ៕សហការី

Facebook Comments
Loading...