ដឹកឈើប្រណិត ចេញពីខេត្តព្រះវិហារ មកកាន់ខេត្តកំពង់ធំ បានព្យាយាមបើកគេចពីសមត្ថកិច្ច តែបែរជាធ្លាក់ ចូលប្រឡាយទៅមុខលែងរួច

0
397

កំពង់ធំ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកជាបី ស្ថិតនៅក្នុងភូមិប្រាសាទសំបូរ ឃុំប្រាសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  មាន រថយន្តតូយ៉ូតា កាមរី (បាឡែន) ពណ៌ខ្មៅ ដឹកឈើប្រណិត ចេញពីខេត្តព្រះវិហារ មកកាន់ខេត្តកំពង់ធំ បានព្យាយាមបើកគេចពីសមត្ថកិច្ច តែបែរជាធ្លាក់ ចូលប្រឡាយ បណ្ដាលឱ្យរថយន្ត ខូចខាតផ្នែកខាងមុខលែងរួច។ ចំណែកតៃកុង រត់គេចខ្លួនបាត់ ស្រមោល នៅពេលកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ស្ទាក់ចាប់។

ការបង្ក្រាបរថយន្តដឹកឈើប្រណីតនេះ ដឹកនាំដោយលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ រហូតឈានដល់ការស្ទូចរថយន្ត យកមករក្សាទុក នៅកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនដោះស្រាយ ទៅតាមនីតិវិធីច្បាប់។

ប្រតិបត្តិការដេញឃាត់រថយន្តនោះ មានរថយន្តម៉ាកតូយ៉ូតា កាមរី (បាឡែន) ពណ៌ខ្មៅ១គ្រឿងទៀត ដោយគ្មានលេខ បានធ្វើសកម្មភាពរារាំង រថយន្តរបស់សមត្ថកិច្ច និងបានធ្វើសកម្មភាពបាចដែកគោល ពេញផ្លូវ បណ្ដាលឲ្យរថយន្តរបស់សមត្ថកិច្ច បែកកង់រថយន្ត ១គ្រឿង ផងដែរ ។

រថយន្តដែលដឹកឈើប្រណិត នោះ ម៉ាកតូយ៉ូតា ការី (បាឡែន) ពណ៌ខ្មៅ ពាកស្លាកលេខ ភ្នំពេញ 2H-3749 បានសន្និដ្ឋានថា ឈើទាំងនោះ ប្រភេទឈើធ្នង់ ។  រថយន្តដឹកបទល្មើសផលអនុផលព្រៃឈើ ខាងលើនោះ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថ ខេត្តកំពង់ធំ បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការស្រាវជ្រាវ រកម្ចាស់ឈើទាំងនោះ មកចាត់ការតាមនីតិវិធីច្បាប់ ។

យោងប្រភពព័ត៌មាន បានបង្ហើបប្រាប់ឱ្យដឹងថា រថយន្តនេះ ដែលបានដឹកផល អនុផល ព្រៃឈើប្រណិតនោះ ដែលមានម្ចាស់ឈ្មោះ ហ៊ីន ដែលមានលំនៅដ្ឋាន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕សហការី

Facebook Comments
Loading...