ភ្នំពេញ ៖ លោក ជា រតនា មានទួនាទីនាយប៉ុស្តិ៍នគរបាលចាក់អង្រែលើ ត្រូវបាន ប្រជាពលរដ្ឋពីរនាក់ប្តីប្រពន្ធ បានដាក់ពាក្យប្តឹងនាយប៉ុស្តិ៍រូបនោះ ថាបានប្រើអំពើហិង្សាដាក់ពួកគេកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ទៅចៅសង្កាត់ចាក់អង្រែលើ ឲ្យជួយដោះស្រាយលើបញ្ហានេះ។
យោងតាម ពាក្យបណ្តឹង បានបញ្ជាក់ពី មូលហេតុដែលធ្វើឲ្យប្តីប្រពន្ធទាំងពីរនោះឈានដល់ដាក់ពាក្យប្តឹងលោកនាយប៉ុស្តិ៍នគរបាលចាក់អង្រែលើម្នាក់នោះ គឺកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ពួកគេទាំងពីរនាក់នោះបានឈ្លោះទាស់ទែងគ្នា រហូតដល់ប្រពន្ធបានរត់ចេញទៅក្រៅ បន្ទាប់មកបុរសដែលជាប្តីក៏រត់ដេញតាមប្រពន្ធ។ លុះដល់ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ក៏មានមន្ត្រីនគរបាលចំនួនជាច្រើនរូប ក្នុងនោះមានមន្ត្រីប៉ុស្តិ៍នគរបាលម្នាក់បានមកសាកសួរ បុរសជាប្តីនោះថា តើស្គាល់អាឆ្អឹងអត់ និងសួរថា រកទិញថ្នាំញៀន ប៉ុន្តែបុរសនោះបានឆ្លើយតបទៅវិញថា ខ្លួនអត់ស្គាល់អាឆ្អឹងទេ ហើយ ខ្លួនមិនមែនជាអ្នកលក់ថ្នាំញៀនទេ។ បន្ទាប់មកទៀតមន្ត្រីប៉ុស្តិ៍នគរបាលម្នាក់នោះបានអូស និងវាយបុរសម្នាក់នៅក្នុងព្រៃក្បែរផ្លូវ៦០ម៉ែត្រ។ ក្រោយមកស្ត្រីដែលជាប្រពន្ធ ក៏រត់មកទាន់ និងស្រែកសួរថាហេតុផលម្តេចនាយប៉ុស្តិ៍នោះវាយប្តីរបស់នាងអ៊ីចឹង ប៉ុន្តែស្រាប់តែនាយប៉ុស្តិ៍នោះបានឆ្លើយថា កុំចេះ រួចហើយក៏ធាក់រូបនាងមួយជើងត្រូវចំពោះទាំងដែលនាងកំពុងតែមានផ្ទៃពោះជាង៨ខែមកហើយបណ្តាលឲ្យនាងឈឺចុកចាប់ និងបន្សល់នូវស្នាមវាយនៅលើពោះ។ភ្លាមៗនោះ បុរសដែលជាប្តីក៏បាននាំប្រពន្ធរបស់ខ្លួនមកពិនិត្យនៅមន្ទីរពេទ្យ តែគ្រូពេទ្យបញ្ជាក់ថា ភ្លាមៗគឺមិនអាចពិនិត្យដឹងច្បាស់ពីសុខភាពកូនក្នុងផ្ទៃពោះទេ គឺទាល់តែរង់ចាំរយៈពេល២ ទៅ៣ថ្ងៃទៀតទើបអាចពិនិត្យដឹងពីបញ្ហាសុខភាពកូនក្នុងផ្ទៃ។
នៅក្នុងពាក្យបណ្តឹងដែលផ្ញើជូនលោកចៅសង្កាត់ចាក់អង្រែលើ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបានសំណូមពរឱ្យលោកចៅសង្កាត់ចាត់វិធានការណ៍ចំពោះលោកនាយប៉ុស្តិ៍ រួមទាំងមន្ត្រីក្រោមឱវាទ ទៅតាមនីតិវិធីនៃច្បាប់។
ជុំវិញបញ្ហានេះលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានថ្លែងមកកាន់អ្នកសារព័ត៌មានតាមទូរសព្ទថា លោកទទួលបានពាក្យបណ្តឹងពីជនរងគ្រោះពីរនាក់ប្តីប្រពន្ធនោះហើយ រួចហើយក៏បានបញ្ជូនពាក្យបណ្តឹង និងរាយការណ៍ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យហើយ។ លោកចៅសង្កាត់ចាក់អង្រែលើរូបនោះបាននិយាយយ៉ាងខ្លីថា៖«យើងចាំមតិដឹកនាំ និងការឯកភាពពីលោកអភិបាល ប្រធានគណៈប្រជាការឯកភាព»៕សហការី