ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំលេខ 025 21 ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិទាំង២៤ភូមិ និងជំនួយការសង្កាត់ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង បានលើកឡើងថា បរិស្ថានស្អាតផ្តើមពីយើងគ្រប់គ្នា ដូចនេះបញ្ហាទុកដាក់ និងញែកសំរាមគឺជាបញ្ហាដែលប្រជាពលរដ្ឋគ្រប់រូបក្នុងសង្កាត់ពន្សាំង ត្រូវយល់ដឹងឲ្យបានគ្រប់គ្នាព្រោះយើងមានរថយន្តដឹកសំរាមចូលយកតាមភូមិហើយ ជាងនេះទៅទៀតត្រូវទុកដាក់ឲ្យបានល្អ ព្រោះសង្កាត់របស់យើងបាននិងកំពង់ចូលរួមប្រលងប្រណាំងទីក្រុងស្អាត។
លោកបន្តថា ការផ្សព្វផ្សាយថ្ងៃនេះប្រធានភូមិទាំងអស់ត្រូវរកទីតាំងកន្លែងណាមួយសម្រាប់យកសម្រាមទៅគរ ហើយត្រូវផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ទោះនៅដីតូច ឬដីធំក៍ដោយត្រូវចូលរួមទាំងអស់គ្នា មិនត្រូវទុកដាក់សំរាម បោះចោលតាមដងផ្លូវ តាមប្រឡាយដូចពីមុនទៀតឡើយ ប្រសិនបើមានទៀតភ្នាក់ងារសម្រាមនិងផាកពិន័យ មិនលើកលែងនោះទេ។
ក្នុងនោះផងដែរលោក ភោគ សុឃឿន អនុប្រធានការិយាល័យសារធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា នៅសង្កាត់ពន្សាំងឡានសំរាមមកយករៀងរាល់ថ្ងៃសេស គឺប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង៦ ដល់ម៉ោង៨ព្រឹក បន្ទាប់មករថយន្តដឹកសំរាមនិងមកយករហូតដល់ម៉ោង១៧ល្ងាច ក្នុងនោះផងដែរអ្នកបញ្ចេញសំារមត្រូវញែកសំរាមជាពីរប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ហើយបើលើសកាលកំណត់នេះហើយប្រជាពលរដ្ឋទាំងអស់មិនត្រូវបញ្ចេញសំរាមនោះទេ ហើយក៍មិនត្រូវចោលកន្លែងផ្សេង និងដុតចោលដូចមុនទៀតឡើយ បើមិនដូច្នោះទេភ្នាក់ងារសំរាមនិងធ្វើការផាកពិន័យដល់បងប្អូនហើយ។
លោកបញ្ជាក់ថា ប្រធានភូមិទាំង២៤ភូមិក្នុងសង្កាត់ពន្សាំង ត្រូវផ្សព្វផ្សាយពីការផាកពិន័យឲ្យប្រជាពលរដ្ឋបានដឹងឲ្យបានគ្រប់ៗគ្នា បើក្នុងករណីមិនអនុវត្តតាម ភ្នាក់ងារសំរាមនិងធ្វើការផាកពិន័យទៅតាមច្បាប់។ លោកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងចូលរួមចំណែកក្នុងការពង្រីកវប្បធម៍ចូលរួម ក៍ដូចជារក្សាអនាម័យ បរិស្ឋាន សោភ័ណភាពក្នុងរាជធានីភ្នំពេញ ក៍ដូចជាសង្កាត់ពន្សាំងរបស់យើងទាំងមូលឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់នៃការផ្សព្វផ្សាយក្រុមហ៊ុន 800 super បានប្រគល់ធុងសំរាមចំនួន២០ធុង ដើម្បីយកទៅដាក់នៅកន្លែងតំបន់ទេសចរភ្នំរាប ដើម្បីការងាយស្រួលទុកដាក់សំរាម និងងាយស្រួលដល់រថយន្តសំរាម មកប្រមូលម្តងៗនោះ៕