ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំស្តីពីការងារអភិវឌ្ឍន៍មូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះលោក សុខ សម្បត្តិ អភិបាលខណ្ឌ នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា មានទឹក មានភ្លើង មានផ្លូវ គឺមានក្តីសង្ឃឹម ដូចនេះសម្រាប់គម្រោងអាទិភាពរបស់សង្កាត់ទាំង៥ ក្នុងការភិវឌ្ឍន៍ឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវធ្វើឲ្យចំគោលដៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ឲ្យបានកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត។
លោកបន្តថា បន្ទាប់ពីជំងឺកូវិដ១៩ស្ងប់ស្ងាត់ គម្រោងការអភិវឌ្ឍន៍បានលេចឡើងជាបន្តបន្ទាប់ ដូចនេះតាមភូមិ សង្កាត់ យើងនឹងនៅតែមានការរីកចម្រើនឥតឈប់ឈរតទៅមុខទៀតផងដែរ ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយតទៅយើងនឹងបន្តស្ថាបនាផ្លូវបេតុងឲ្យបានគ្រប់ភូមិក្នុងខណ្ឌព្រែកព្នៅទាំងមូល។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា គម្រោងដែលទទួលបានការគាំទ្រនាពេល នេះគឺជា កម្មវិធី សកម្មភាព អាទិភាព ក្នុងការចូលរួមបំពេញនូវ តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការចូលរួមអនុវត្ត តាមយុទ្ធសាសន៍ចតុកោណ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការអនុវត្តគោលនយោបាយវិមជ្ឈកា វិសហមជ្ឈកា និងការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិអោយកានតែប្រសើរឡើង។
លោកបន្ថែមថា បន្ទាប់ពីការអភិវឌ្ឍ និងការការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានហើយនោះ សង្កាត់ទាំង៥ត្រូវប្រឹងប្រែងឲ្យកាន់តែល្អបន្ថែមទៀត នូវសេវាក្នុងការដោះស្រាយនូវការសូមណូមពរ និងតម្រូវការជួយប្រជាពលរដ្ឋឲ្យទាន់ពេលវេលា៕