លោកញឹក ប៊ុនឆៃ គាំទ្រសម្តេច​តេជោ ហ៊ុន សែន ក្នុងការផ្ញើលិខិតទៅលោកឧត្តមសេនី​យ៍ មីន អោងលាំង ឲ្យពិចារ​ណាឡើងវិញការផ្តន្ទាទោសប្រហារជីវិតក្រុមអ្នកប្រឆាំង

0
415

ភ្នំពេញ ៖ លោកញឹក ប៊ុនឆៃ គាំទ្រសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានផ្ញើលិខិតមួយទៅលោកឧត្តមសេនីយ៍ មីន អោងលាំង (General Min Aung Hlaing) ដោយ​ស្នើឲ្យលោកឧត្តមសេនីយ៍ មីន អោងលាំង (General Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ពិចារ​ណាឡើងវិញ នូវផែនការផ្តន្ទាទោសប្រហារជីវិតសម្រាប់ក្រុមអ្នកប្រឆាំង ពីព្រោះនឹងបង្ករឲ្យមានការព្រួយបារម្ភ ដល់រដ្ឋជាសមាជិកអាស៊ាន។

លោក ញឹក ប៊ុនឆៃ ថា​ករណីនៅមីយ៉ានម៉ានេះមិនអាចបញ្ចប់ទៅដោយការប្រយុត្នគ្នា និងការសងសឹកគ្នាទៅវិញទៅមកនោះទេ ព្រោះថាសង្គ្រាមជាតិសាស្ត្រឯងក៏ធ្លាប់​បាន​កើតឡើង​នៅ​កម្ពុជារួចហើយ អ្នកណាស្លាប់ក៏ជាខ្មែរដែរ ហើយទីបំផុត​កម្ពុជាយើង ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ដោយ​កិច្ចព្រមព្រៀង យោគយល់គ្នាទៅវិញទៅមក មិនបានបញ្ចប់ដោយចុងកាណុងទេ។

ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងទៀតថា ការផ្ញើសាររបស់សម្ដេចតេជោ​ គឺពិតជា​ត្រឹមត្រូវ​ ពីព្រោះបើ​មានការ​ប្រហារជីវិត នឹងធ្វើឲ្យមាន​បញ្ហាកាន់តែធ្ងន់ធ្ងរៗ ​មិនអាចដោះស្រាយបានទេ។ ​​លោក​បានបញ្ជាក់យ៉ាងនេះថា «សាររបស់​សម្ដេចតេជោនេះត្រឹមត្រូវហើយ បើកាលណាធ្វើឲ្យមានកែប្រហារជីវិត គឺកាន់តែធ្ងន់ធ្ងរមិនអាចដោះស្រាយបានទេ។ ខ្ញុំជឿថា បញ្ហានៅភូមានេះដែលបាញ់គ្នាប្រយុទ្ធគ្នាសព្វថ្ងៃនេះ មិនអាចបញ្ចប់ដោយការបាញ់គ្នានោះទេ គឺត្រូវតែបញ្ចប់ដោយការចរចាគ្នា និយាយគ្នា កិច្ចព្រមព្រៀងណាមួយទើបអាចបញ្ចប់បាន»។​

លោកថា ច្បាប់​គឺជាច្បាប់ហើយ តែបើឈានទៅដល់ការកាប់សម្លាប់គ្នា វាកាន់តែធ្វើឲ្យ​ដំណោះ​​ស្រាយបញ្ចប់ជម្លោះកាន់តែលំបាក កាន់តែស្មុគស្មាញ កាន់តែតានតឹង​តទៅទៀត​។ លោកថា ​ការ​សម្លាប់នេះ នឹងនាំឲ្យមានការគុំគួន ​សងសឹកគ្នា​ ហើយ​ភាគីម្ខាងនឹងត្រូវតស៊ូ រហូតទៅដល់យកភាគីម្ខាងទៀត ទៅប្រហារជីវិតវិញ ដើម្បីឲ្យស្មើភាពគ្នា​។

លោក ញឹក ប៊ុនឆៃ បានបន្តថា បញ្ហានៅមីយ៉ាន់ម៉ានេះ អាច​ត្រឹមតែ​ដាក់គុកគឺបាន​ តែបើឈានទៅដល់ការប្រហារជីវិតទៀត កំហឹង​​នឹង​ពុះកញ្ជ្រោល​ឡើង។ លោកថា ​កុំភ្លេចថា ការសម្លាប់មនុស្សម្នាក់ នឹងកើតឡើង ១០នាក់ សម្លាប់ ២ នាក់ នឹងកើត ២០នាក់ ហើយសម្លាប់កាន់តែច្រើន កើតកាន់តែ​ច្រើន ដែលធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ និងកាន់តែធ្ងន់ថតទៅ ដោយសាតែ​បន្ថែម​ការ​ឈឺចាប់ ធ្វើឲ្យមនុស្សចងកំហឹងកាន់តែខ្លាំង​។

លោក ញឹក ប៊ុនឆៃ ​បញ្ជាក់ថា «ខ្ញុំជឿជាក់ថា ប្រសាសន៍សម្ដេចតេជោ ត្រឹមត្រូវហើយ ភូមាត្រូវតែពិចារណាត្រឹមដាក់គុកបានហើយ កុំឈានទៅដល់មានការប្រហារជីវិត។ ពីព្រោះមកដល់ពេលនេះ យើងមិនទាន់ដឹងថា មនុស្សនោះខុស ឬត្រូវយ៉ាងណាទេ មនុស្សម្នាក់​នៅពេលឈ្លោះ​គ្នាហើយ តែងតែលើកយកត្រូវរៀងខ្លួន​»។

បើតាមលោក ញឹក ប៊ុនឆៃ ​កន្លងមកសម្ដេចតេជោ ​បានប្រឹងប្រែងណាស់លើករណីបញ្ហាភូមានេះ ដើម្បីរកច្រក រកវិធីដោះស្រាយ ហើយបញ្ហាសំខាន់មួយទៀត គឺជំនួយមនុស្សធម៌ ដែល​ត្រូវយកទៅជួយប្រជាពលរដ្ឋ​មីយ៉ាន់ម៉ាដែលត្រូវការ ពីព្រោះជនរងគ្រោះ ជនភាសិកនេះ ​វេទនា​​ណាស់ ​ត្រូវការជំនួយជាខ្លាំង រាប់ចាប់តាំងពីស្បៀង​អាហារ និងថ្នាំពេទ្យជាដើម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២​​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតមួយទៅលោកឧត្តមសេនីយ៍ មីន អោងលាំង (General Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារ​ណរដ្ឋមីយ៉ាន់ម៉ា ដោយស្នើឲ្យ​ពិចារណាឡើងវិញ នូវផែនការផ្តន្ទាទោសប្រហារជីវិត សម្រាប់ក្រុមអ្នកប្រឆាំង ដោយអះអាងថា បញ្ហានេះ នឹងបង្កឲ្យមានការព្រួយបារម្ភ ដល់រដ្ឋជាសមាជិកអាស៊ាន។ ​ចំពោះផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្ត ប្រាកដជានឹងបង្កឲ្យមានប្រតិកម្មអវិជ្ជមាន រីករាលដាលពេញសហគមន៍អន្តរជាតិ ហើយក៏នឹងជះ​ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ផងដែរ៕

Facebook Comments
Loading...