ជនចំណាកស្រុកច្រើនជាតិសាសន៍រាប់ពាន់នាក់ បានធ្វើដំណើរដោយថ្មើរជើងក្នុងគោលបំណងឆ្ពោះទៅកាន់សហរដ្ឋអាមេរិក

0
533

បរទេស ៖ យោងតាម Reuters, បានឲ្យដឹងថា ជនចំណាកស្រុកច្រើនជាតិសាសន៍រាប់ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសវេណេស៊ុយអេឡា បានចេញដំណើរដោយថ្មើរជើងពីភាគខាងត្បូងប្រទេសម៉ិកស៊ិកកាលពីព្រឹកថ្ងៃចន្ទទី០៦ ខែមិថុនា ក្នុងគោលបំណងឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដោយពួកគេបានកំណត់ពេលធ្វើដំណើរឲ្យស្របទៅនឹងកិច្ចប្រជុំកំពូលអាមេរិកនៅទីក្រុង Los Angeles ក្នុងសប្តាហ៍នេះ។

ប្រភពពី Reuters, បានឲ្យដឹងទៀតថាមនុស្សយ៉ាងតិច ៦០០០នាក់ បានចាកចេញពីទីក្រុងព្រំដែន Tapachula។ យ៉ាងណាក្តី វិទ្យាស្ថានជាតិសម្រាប់ការធ្វើចំណាកស្រុករបស់ប្រទេសម៉ិកស៊ិក មិនបានផ្តល់នូវការប៉ាន់ស្មានទំហំរបស់ក្រុមនេះទេ ហើយក៏មិនបានធ្វើការអត្ថាធិប្បាយបន្ថែមលើក្បួននេះដែរ។រូបភាពរបស់ Reuters បានបង្ហាញ ជនចំណាកស្រុក រួមទាំងកុមារជាច្រើននាក់ បានចាប់ផ្តើមដំណើររបស់ពួកគេតាំងពីព្រឹកព្រលឹមក្រោមភ្លៀងធ្លាក់ ហើយបានធ្វើដំណើរឆ្លងកាត់ផ្លូវជាច្រើន ដោយខ្លះពាក់អាវភ្លៀង និងកាន់ឆ័ត្រ។

លោក Luis Garcia Villagran អ្នករៀបចំកម្មវិធីដើរក្បួនបាននិយាយថា ក្រុមនេះតំណាងឲ្យជាតិសាសន៍ផ្សេងៗ ដែលភៀសខ្លួនចេញពីភាពលំបាកនៅក្នុងប្រទេសកំណើតរបស់ពួកគេ រួមទាំងមនុស្សជាច្រើនមកពីប្រទេស វេណេស៊ុយអេឡា ផងដែរ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថា នឹងប្រកាសពីកិច្ចព្រមព្រៀងក្នុងតំបន់ស្តីពីការធ្វើចំណាកស្រុកនៅចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ក្បួនធ្វើចំណាកស្រុកធំៗឆ្ពោះទៅសហរដ្ឋអាមេរិក ក៏បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិកផងដែរក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលភាគច្រើនជាអ្នកមកពីតំបន់អាមេរិកកណ្តាល៕

Facebook Comments
Loading...