ផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងពីរថ្ងៃគឺថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

0
2751

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញ សារាចរណែនាំលេខ០០៦ សរណន ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។នេះបើយោងតាម សារាចរណែនាំចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, ដើម្បីអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលព្រះរាជាណាចក្រកម្ពុជា យើងបានកំណត់រៀបចំធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿងស្រវឹងនោះ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដូចខាងក្រោម៖ ១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ០២ (ពីរ) ថ្ងៃ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

២, ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ដែលផ្តល់សេវាកម្មម្ហូបអាហារ ត្រូវ ផ្អាកសកម្មភាពការលក់ជួរ និងពិសាគ្រឿងស្រវឹងរយៈពេល ០២(ពីរ) ថ្ងៃ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

៣. ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ឬអ្នកគ្រប់គ្រង អាជីវកម្ម សេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ និង យុត្តិធម៌ គ្មានអំពើហិង្សា។

អាស្រាយហេតុនេះ សូមលោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្ម ទេសចរណ៏ខាងលើ និងលោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវអនុវត្តតាមសារាចរណែនាំនេះឱ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ឋភាពខ្ពស់៕

Facebook Comments
Loading...