ពោធិសាត់ ៖ ក្មេងស្រីសិស្សសាលាអនុវិទ្យាល័យបាក់ចិញ្ចៀនបីនាក់ ក្នុងចំណោមគ្នីគ្នា ប្រាំមួយនាក់ បានលង់ទឹកស្ទឹងស្លា..ប់នឹង បាត់ខ្លួនកាលពី វេលាម៉ោង១និង៤៥នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅស្ពានក្របៅជ្រុំ ស្ថិតនៅក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ មូលហេតុពួកគេនាំគ្នាយកដើមឫស្សី មកកាន់តោងបណ្ដាក់គ្នា ដើម្បីទៅលេងគល់ឈើនៅត្រើយម្ខាង។
លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់ ផែនការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា បានឱ្យដឹង នៅថ្ងៃទី១៩ ឧសភាថា ក្រោយទទួលព័ត៌មានថា បាត់ក្មេងស្រីសិស្សសាលាបីនាក់នោះភ្លាម ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង បានឲ្យលោក ដឹកនាំកម្លាំងការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវករណីនេះភ្លាមៗ ដោយសហការជាមួយ នគបាលស្រុកភ្នំក្រវ៉ាញ ផងដែរ។
លោកបន្ត ថា ក្មេងស្រីសិស្សសាលាទាំង ប្រាំមួយនាក់នោះ មានៈ ១.ឈ្មោះ ហឿន ស្រីល័ក្ខ អាយុ ១៥ ឆ្នាំ រៀននៅថ្នាក់ទី៨A , ២.ឈ្មោះ ហឿន ស្រីលីន អាយុ ១៥ ឆ្នាំ រៀននៅថ្នាក់ទី៨A , ៣. ឈ្មោះ គឹម សុខគៀង អាយុ ១៤ ឆ្នាំ រៀននៅថ្នាក់ទី៨B ទាំងបីនាក់ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ៤.ឈ្មោះ សុង សុខលី រៀននៅថ្នាក់ទី ៧E , ៥.ឈ្មោះ ថា ស្រីម៉ី អាយុ ១៤ ឆ្នាំ រៀននៅថ្នាក់ទី ៧E , និង៦.ឈ្មោះ ជា ស្រីនាថ អាយុ ១៤ ឆ្នាំ រៀននៅថ្នាក់ទី៨AG ទាំងបីនាក់ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា បានឲ្យដឹងទៀតថាៈ នៅមុនពេលកើតហេតុ ក្មេងស្រីសិស្ស សាលាទាំងប្រាំមួយនាក់ បាននាំគ្នាជិះម៉ូតូ ពីរគ្រឿង ចេញពីសាលារៀន មកងូតទឹកស្ទឹងលេង នៅស្ពានក្របៅជ្រុំ ដែលស្ថិតនៅក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នៅពេលមកដល់ ពួកគេ ក៏នាំគ្នាផ្លាស់សម្លៀកបំពាក់ ហើយចុះងូតទឹក ស្ទឹង ពីក្រោមស្ពាន ដោយនាំគ្នាងូតបណ្ដែតខ្លួនលេង តាមខ្សែទឹកហូរ ទៅកាន់ទីជ្រៅ។ ពេលនោះ ស្រាប់តែឈ្មោះ ថា ស្រីនាង បានបបួលបក្ខពួករបស់ខ្លួន ទៅលេងនៅលើគល់ ឈើនៅចម្ងាយពីកន្លែងពួកគេលេង ប្រមាណជា៥០ម៉ែត្រ។ នៅពេលនាំគ្នាដើរទៅទឹក កាន់តែជ្រៅទៅៗ ពេលនោះ ឈ្មោះ ថា ស្រីម៉ី បានទៅយក ឫស្សី មកកាន់តោងបណ្ដាក់គ្នា ដោយឈ្មោះ ហឿន ស្រីលីន កាន់នៅខាងមុខ និងឈ្មោះ ឃឿន ស្រីល័ក្ខ កាន់នៅពីក្រោយវិញ។ ចំណែក បួននាក់ផ្សេងទៀត កាន់នៅកណ្ដាល។ បន្ទាប់មក ឈ្មោះ ហឿន ស្រីលីន ចេះហែលទឹក បានហែលទៅមុន ដោយទឹកជ្រៅពេក បានស្រែកប្រាប់គ្នាថា កុំនាំគ្នាមក ទឹកជ្រៅណាស់ នាំគ្នាត្រឡប់ទៅវិញទៅ។ អ្នកទាំងបួន ដែលនៅកណ្ដាល ប្រឹងតោងឫស្សី ដើរត្រឡប់បកក្រោយវិញ ហើយឲ្យឈ្មោះ ហឿន ស្រីលក្ខណ៍ ដែលកាន់ឫស្សី នៅខាងក្រោយគេ ទប់ពុំជាប់ ហើយជ្រែងជើង និងលិចខ្លួន ទៅបាតស្ទឹង ហើយក៏របូតឫស្សី ចេញពីដៃ ធ្វើឲ្យឈ្មោះ ថា ស្រីម៉ី ឈ្មោះ ជា ស្រីនាថ និងឈ្មោះ គឹម សុខគៀង បានលង់ទឹក អណ្ដែតតាមខ្សែទឹកហូរ ទៅបាត់ ដោយឡែក ឈ្មោះ សុង សុខលី ត្រូវបានឈ្មោះ ហឿន ស្រីលិន ទាញដៃជាប់ នៅខាងផ្នែកគល់ឈើ ហើយឈ្មោះ ហឿន ស្រីល័ក្ខ ដែលលិចចូលទៅក្នុងទឹកស្ទឹង ខំប្រឹងរើបម្រាស់ រូចហែលមកច្រាំងស្ទឹងវិញរួចបានស្រែកហៅអ្នកភូមិ ឲ្យជួយ។ ពេលនោះ អ្នកភូមិ បានឮ ហើយបាន ចែវទូក ទៅចម្លងយកឈ្មោះ សុង សុខលី និងឈ្មោះ ហឿន ស្រីលីន បានមកដល់ច្រាំងស្ទឹងវិញ។ ដោយឡែក ឈ្មោះ គឹម សុខគៀង ជា ស្រីនាថ និង ជា ស្រីម៉ី បានលង់ទឹកហូរលិចបាត់ ទៅ។ភ្លាមៗនោះ អ្នកភូមិបានយកទូកមកចម្លង ២នាក់ ដែលតោងគល់ឈើ និងបន្តរកអ្នកទាំង ៣នាក់នោះ។ ប៉ុន្តែរកពុំឃើញ ទាល់តែសោះ ព្រោះទឹកជ្រៅ និងហូរខ្លាំងពេក។ ទើបតែនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ អ្នកស្រុកអ្នកភូមិ បានរកឃើញសាកស.ពជាបន្តបន្ទាប់ហើយ ប្រគល់ឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ៕