ហ្វីលីពីន ៖ កំពូលអ្នកប្រដាល់ លោក Manny Pacquiao បានប្រកាស ទទួលស្គាល់ជាផ្លូវការនូវការបរាជ័យរបស់ខ្លួនជាមួយនឹងគូប្រជែងគឺ លោក Bong bong Marcos ដែលជាប្រុសអតីតមេដឹកនាំផ្តាច់ការហ្វីលីពីន លោក Ferdi nand Marco។
កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក Pacquiao បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទួលស្គាល់បរាជ័យចំពោះការប្រជែងតំណែងប្រធានាធិបតី និងចាត់ទុកវាជាការប្រកួតប្រជែងដ៏ធំបំផុតក្នុងជីវិតរបស់គាត់។ បុរសវ័យ៤៣ឆ្នាំបាននិយាយថា «ខ្ញុំដឹងពីរបៀបទទួលយកការចាញ់។ ប៉ុន្តែខ្ញុំសង្ឃឹមថា ទោះខ្ញុំចាញ់ការប្រកួតនេះក៏ដោយ ក៏បងប្អូនជនរួមជាតិរបស់ខ្ញុំ ជាពិសេសអ្នកក្រ នៅតែឈ្នះនៅក្នុងសេណារីយ៉ូនេះ»។
យោងតាមប្រភពពី Rappler គេហទំព័រព័ត៌មានរបស់ហ្វីលីពីនបានរាយការណ៍ថា Pacquiao បានចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ជាមួយរបាយការណ៍ថា កំពូលអ្នកប្រដាល់ដែលប្រែខ្លួនជាអ្នកនយោបាយរូបនេះ ទទួលបានត្រឹមជាង ៣,៦លានសំឡេងតែប៉ុណ្ណោះ ។ ខណៈលោក Bongbong Marcos ទទួលបានរហូតដល់ជាង ៣១លានសំឡេងឯណោះ។
ជាមួយគ្នានោះ ស្តេចប្រដាល់ហ្វីលីពីនម្ចាស់ខ្សែក្រវាត់ពិភពលោក៨ប្រភេទផ្សេងគ្នារូបនេះ បានជូនពរលោក Bongbong Marcos យ៉ាងដូច្នេះថា «ខ្ញុំសូមបួងសួងដល់ជោគជ័យនៃការគ្រប់គ្រងរបស់អ្នក។ ហើយជនក្រីក្រនឹងត្រូវបានផ្តល់ជំនួយ ហើយជីវិតរបស់ពួកគេនឹងកាន់តែប្រសើរឡើង» ៕ (ដកស្រង់ចេញពី Rappler)