នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួនឈ្មួញលក់ដីខ្យល់ឡើងតុលាការបន្ទាប់ពីស៊ីដាច់លុយ៦០ម៉ឺនដុល្លារ

0
853

ភ្នំពេញ លោកជំទាវម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅព្រឹកថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីឆបោកប្រាក់ និងចេញសែកគ្មានសាច់ប្រាក់ឲ្យអតិថិជន ក្នុងរឿងទិញ–លក់ដីខ្យល់ ហើយនារសៀលថ្ងៃដដែលត្រូវបានបញ្ជូនឡើងតុលាការ។

សមត្ថកិច្ច បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ឈិន ដាណា ភេទស្រី អាយុ ៤៧ឆ្នាំស្នាក់នៅបុរីឌឺផ្លរ៉ា ផ្ទះលេខ០៣ វិថីឌឺផ្លរ៉ា១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជុំវិញការឃាត់ខ្លួនលោកជំទាវ ឈិន ដាណា នេះ ត្រូវសមត្ថកិច្ចបង្ហើបថា កំពុងមានអ្នកមានអំណាច និងឥទ្ធិពល មួយចំនួន កំពុងលូកដៃអន្តរាគមន៍ ឲ្យសមត្ថកិច្ចជំនាញដោះលែងជនត្រូវចោទវិញ។

ការឃាត់ខ្លួនលោកជំទាវ ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន ម៉ា ឈិន ដាណាបាន ហេង ហេង គ្រុប ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ ឆបោក និងមិនបំពេញកាតព្វកច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

នៅអំឡុងចុងឆ្នាំ២០២០ លោកជំទាវ ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំ ៣ ហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ ៦០ម៉ឺនដុល្លារ ឲ្យទៅជនរងគ្រោះម្នាក់។ ដោយមានការជឿជាក់លើលោកជំទាវ ឈិន ដាណា ជនរងគ្រោះ បានបង់ប្រាក់ថ្លៃដីគ្រប់ចំនួន ឲ្យទៅលោកជំទាវ។ ក្រោយពីបានលុយអស់ហើយបែរជាលោកជំទាវគ្មានដីឲ្យជនរងគ្រោះទៅវិញ។

លោកជំទាវ ឈិន ដាណា បានព្យាយាមគេចវេះមិនជួប និងដោះស្រាយបញ្ហាលក់ដីខ្យល់ឲ្យជនរងគ្រោះ និងចុងក្រោយហ៊ានចេញសែកគ្មានសាច់ប្រាក់ឲ្យទៅជនរងគ្រោះដើម្បីដោះខ្លួនមួយគ្រា។

ដោយសារតែ លោកជំទាវ ឈិន ដាណា មានឆន្ទះបោកប្រាស់ម្ដងហើយម្ដងទៀត ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ ប៉ុន្តែលោកជំទាវ ឈិន ដាណា នៅតែបន្តគេចវេះមិនព្រមចូលខ្លួនឆ្លើយតាមដីកាកោះរបស់តុលាការឡើយ ទើបឈានដល់ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកជំទាវ ឈិន ដាណា យកទៅប្រគល់ជូនតុលាការតែម្ដង៕

Facebook Comments
Loading...