ពលកម្មគឺជាចលករយ៉ាងសំខាន់ក្នុងសកម្មភាព រស់នៅរបស់មនុស្ស ហើយដោយសារតែពលកម្មបានធ្វើឲ្យពិភពលោក មានការប្រែប្រួលរីកចំរើន

0
784

ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយសហជីព តំណាងមន្ដ្រីរាជការ គ្រូបង្រៀន នៅសាលាខណ្ឌព្រែកព្នៅ នាព្រឹកអាទិត្យទី១ខែ ឧសភា ឆ្នាំ២០២២ នាខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា ពលកម្មគឺជាចលករយ៉ាងសំខាន់ក្នុងសកម្មភាព រស់នៅរបស់មនុស្ស ដោយសារតែពលកម្មបានធ្វើឲ្យពិភពលោក មានការប្រែប្រួលរីកចំរើន។

លោក បន្ដថា ពលកម្ម មាន២ផ្នែកគឺពលកម្មផ្នែកកម្លាំងកាយ និងពលកម្មផ្នែកបញ្ញា ដែលពលកម្មនេះមានសារៈសំខាន់ជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឲ្យសង្គមជាតិ មានការប្រែប្រួលរីកចំរើនជាបន្ដបន្ទាប់រហូតដល់បច្ចុប្បន្ននេះ។ ដោយមើលឃើញ ពីសារៈសំខាន់នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដល់កម្មករ និយោជិត អ្នកធ្វើពលកម្ម និងបានប្រារព្ធទិវានេះជារៀងរាលឆ្នាំ ទោះជានៅឆ្នាំនេះ ប្រទេសជាតិយើង និង បណ្ដាប្រទេសនានា ក្នុងពិភពលោក កំពុងប្រឈម នឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ ប្រភេទថ្មី អូមីក្រុង ក៏កម្ពុជានៅតែអាចទប់ស្កាត់ការរីករាលដាល ដោយបន្ដឲ្យមានការរៀបចំរំលឹកទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ដ្រនេះទៅតាមស្ថានភាពជាក់ស្ដែង បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំ ដើម្បីឧទ្ទិសដល់បុព្វហេតុរបស់ពលករ កម្មករ នៅលើពិភពលោក វីរភាពពលករ កម្មករ និង វីរៈជនស្នេហាសេរីភាព និង យុត្តិធម៌អ្នកធ្វើពលកម្ម ក្នុងគោលដៅការពារ គាំទ្រ និង ទាមទារអត្ថប្រយោជន៍ ជូនដល់កម្មកនិយោជិត អ្នកធ្វើពលកម្ម ដែលមានគុណបំណាច់យ៉ាងធំធេង ដល់សង្គមជាតិ។

លោក ប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា កន្លងមក ដើម្បីជំរុញការអនុវត្តគោលនយោបាយ ឧស្សាហកម្ម កម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានចុះជួបកម្មករនិយោជិតចំនួន៧៧លើក ដោយបានរកឃើញបញ្ហា១ចំនួននិង បានដាក់ចេញនូវគោលការនិងវិធានការជាច្រើន ដែលគោលការនិងវិធានការទាំងនេះបានលើកកម្ពស់ជីវភាព សុខមាលភាពដល់កម្មករនិយោជិតកាន់តែប្រសើរជាងមុន ។

ជាមួយនេះ រាជរដ្ឋាភិបាល បានបន្ដយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សុវត្ថិភាព និង សុខភាពការងារ របស់កម្មករនិយោជិត នៅតាមគ្រប់រោងចក្រ សហគ្រាសដោយតម្រូវឲ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន ដែលធ្វើឲ្យកាន់តែប្រសើរឡើងនូវសុខមាលភាពរបស់កម្មករនិយោជិត ព្រមទាំងកម្មវិធីបង្ការគ្រោះថ្នាក់ការងារ និង បង្កើនសុវត្ថិភាពដឹកជញ្ជូន និង ការធ្វើដំណើររបស់កម្មករនិយោជិត ក៏ត្រូវបានជម្រុញការអនុវត្តន៍យ៉ាងសកម្មផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ បូរ៉ា បានអំពាវនាវដល់អ្នកចូលរួមគ្រប់សមាសភាពទាំងអស់ សូមបន្ដខិតខំ ប្រឹងប្រែង បំពេញការងារទៅតាមតួនាទីរៀងៗខ្លួនឲ្យសម្រេចបានជោគជ័យ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា ឲ្យមានការរីកចំរើនលូតលាស់ ដូចបណ្ដាប្រទេសជឿនលឿននៅលើពិភពលោក ក្រោមម្លប់សុខសន្ដិភាព ដែលកើតចេញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

Facebook Comments
Loading...