មិនគួរសោះ ឪពុកបង្កើតនិងម្តាយចុង រួមគ្នាវាយធ្វើបាបកូនប្រពន្ធមុននិងកូនប្រពន្ធក្រោយ បណ្តាលឱ្យរងរបួសពេញខ្លួនត្រូវឃាត់ខ្លួន

0
4130

កំពង់ស្ពឺ៖ បុរសម្នាក់ និងស្ត្រីជាប្រពន្ធក្រោយ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមនឃាត់ខ្លួនយកទៅសាកសួរ ក្រោយពីប្តីប្រពន្ធពីរនាក់នេះ រួមគ្នាវាយធ្វើបាបកូនបង្កើតនិងកូនដើមខ្លួនឯងបណ្តាលឱ្យរងរបួសពេញខ្លួន។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២២ នៅចំណុចផ្ទះជួលក្នុងភូមិសា្វយក្រវាន់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក អ៊ូច ហៀង អធិការនគរបាលក្រុងច្បារមនបានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីឈ្មោះហែម វិរៈ (ហៅឡូ) អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះឡាត់ ស្រីពៅ អាយុ៤៥ឆ្នាំ ពីបទពួកគេបានធ្វើសកម្មភាពវាយធ្វើបាបកូនរបស់ខ្លួនឱ្យរងរបួសធ្ងន់ពេញខ្លួន ដែលពួកគេបានប្រព្រឹត្តកាលពីរសៀលថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២។

ក្មេងប្រុសរងគ្រោះដែលត្រូវម្តាយចុងវាយធ្វើបាបឱ្យរងរបួសពេញខ្លួននោះម្នាក់ឈ្មោះភ័ណ្ឌ វីរៈបញ្ញា ភេទប្រុសអាយុ១៣ឆ្នាំ និងម្នាក់ឈ្មោះ ភ័ណ្ឌ វីរៈសក្កដា ភេទប្រុស អាយុ១០ឆ្នាំដែលរស់នៅក្នុងបន្ទុក។ លោកអធិការនគរបាលក្រុងច្បារមនបានបន្តឱ្យដឹងទៀតថា ក្រោយពីសាក្សីដែលរស់នៅបន្ទប់ជួលក្បែរគ្នារាយការណ៍ពីសកម្មភាពដ៏ឃោរឃៅរបស់ស្ត្រីជាម្តាយចុងខាងលើនេះ លោកក៏បានចាត់កម្លាំងព្រហ្មទណ្ឌក្រុងសហការជាមួយកម្លាំងប៉ុស្តិ៍ចុះធ្វើអន្តរាគមន៍ភ្លាមៗដោយឃាត់ខ្លួនស្ត្រីជាម្តាយចុងនិងប្តីជាឱពុកយកមកការិយាល័យជំនាញដើម្បីសួរនាំ។

បច្ចុប្បន្នកុមារទាំងពីរនាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការខេត្តកំពង់ស្ពឺកំពុងសាកសួរនាំបន្ថែមដើម្បីរកភ័ស្តុតាងបន្ថែមទៀត។ ដោយឡែកស្ត្រីដៃដល់និងប្តីជាឱពុកបង្កើតកំពុងស្ថិតក្រោមការសួរនាំបន្តរបស់សមត្ថកិច្ចជំនាញ៕

Facebook Comments
Loading...