តុលាការឃុំខ្លួនជនសង្យ័យម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ពន្ធពីបទកំហែកយកដោយភ្ជាប់ការប្រឌិត ចង់បានលុយ៥ម៉ឺនដុល្លារ

0
1075

ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោកសាន្ត ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនសង្យ័យម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ពន្ធពីបទកំហែកយកដោយភ្ជាប់ការប្រឌិតរឿងថាមានគេប៉ុនប៉ងសម្លាប់ថៅកែអាហារបំប៉ន។

ជនជាប់ចោទដែលតុលាការឃុំខ្លួន ឃី ឆៃណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ អ្នករកស៊ី មានស្រុកកំណើតនៅខេត្តកោះកុង និងមុនចាប់ខ្លួនស្នាក់នៅផ្ទះ៥ ផ្លូវ៣១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរបានបញ្ជាក់ថា ជននេះត្រូវបានដាក់ឲ្យនៅក្រោមការពិនិត្យពីបទប៉ុនប៉ងកំហែកយក នៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដែលបទល្មើសនេះមានបញ្ញាតិ និងឲ្យផ្តន្ទាទោសតាមមាត្រា៣៦៣ មាត្រា៣៦៤ និងមាត្រា ៣៧០ នៃក្រមព្រហ្មទណ្ឌ។

ដើមចមបណ្តាលឲ្យមានការឃុំខ្លួន ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនអាហារបំប៉នសម្រស់ធម្មជាតិ ( ខូស៊ី )។

តាមពាក្យបណ្តឹង ក៏ដូចជាចម្លើយជនសង្ស័យត្រូវបានគេដឹងថា ឈ្មោះ ឃី ឆៃណា បានរងនូវបណ្តឹងរបស់ឈ្មោះ ឈាង រ័ត្ន ជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ប្តឹងឲ្យសមត្តកិច្ចចាប់ខ្លួន ពាក់ពន្ធក្នុងការបង្កើតព័ត៌មានមួយថា មានគេព្យាយាមប៉ុនប៉ងធ្វើឃាតលើជនរងគ្រោះ និងក្រុមគ្រួសារ។

ការប្រឌិតរឿងនេះឡើងដោយមានចេតនា ឲ្យជនរងគ្រោះនិងក្រុមគ្រួសារមានការភ័យខ្លាច ដើម្បីផ្តល់ប្រាក់ទៅឲ្យជនសង្ស័យ យកទៅដោះស្រាយបញ្ហាជីវភាព ពុំមានបំណងអាក្រក់លើសពីនេះទេ។

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបានបង្កើតហ្វេសប៊ុក នឹងតេឡេក្រាម ដោយដាក់ឈ្មោះ Khy Chains ដើម្បីឆាតទាក់ទងទៅជនរងគ្រោះ ប៉ុន្តែមិនអាចទាក់ទងបាន។ លុះនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសាជាសម្លេងចូលទៅតេឡេក្រាមរបស់ឈ្មោះ ពាក់មី ជាអ្នកចែកចាយឲ្យដើមបណ្តឹងជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលមានខ្លឹមសារថា (មានគេប៉ុនប៉ងធ្វើបំណងអាក្រក់ទៅលើក្រុមគ្រួសាររបស់.ស្រីអូន) ហើយម្ចាស់សារនោះគឺចង់ជួបស្រីអូនផ្ទាល់។ បន្ទាប់មកក៏មានលេខទូរស័ព្ទមួយ បានតេចូលលេខជនសង្ស័យ ដោយចង់ដឹងព័ត៌មានលម្អិតពីការប៉ុនប៉ងអាក្រក់ពីជនទុច្ចរិតនោះ តែត្រូវជនសង្ស័យមិនឲ្យជួប នឹងបានណាត់ម្ចាស់លេខទូរស័ព្ទជួបគ្នា គឺចង់ជួបតែឈ្មោះ ឈាង រ័ត្ន ប៉ុណ្ណោះ។ លុះដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ម្ចាស់លេខទូរស័ព្ទថ្ងៃមុន បានតេទៅជនសង្ស័យម្តងទៀត ដោយបានបញ្ជាក់ថាគេឈ្មោះ តុលា ជាជំនួយការលោក ឈាង រ័ត្ន សុំណាត់ជួបជនសង្ស័យ នៅកន្លែងណាក៏បាន ដើម្បីចរចាព័ត៌មានការប៉ុនប៉ងអាក្រក់នោះ។ ក្រោយមកឈ្មោះ តុលា នឹងជនសង្ស័យបានណាត់គ្នាជួបនៅភោជនីដ្ឋានមួយកន្លែងម្តុំបុរីចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលជួបគ្នាជនសង្ស័យបានប្រាប់ទៅឈ្មោះ តុលា ថា មានគេប៉ុនប៉ងធ្វើឃាតលើឈ្មោះ ឈាង រ័ត្ន និងក្រុមគ្រួសារ ដែលរឿងនេះបានលេចធ្លាយចេញពីមិត្តភក្តិគេ(ជនសង្ស័យ)ជាអ្នកបើកបររថយន្ត ចង់ដឹងព័ត៌មានលម្អិតចាំគេទៅសួរឲ្យ។ បន្ទាប់មកជនសង្ស័យក៏បានទាក់ទងឈ្មោះ តុលា ណាត់ជួបគ្នាម្តងទៀត ពេលនោះជនសង្ស័យថា បើចង់ដឹងរឿងនឹងទាល់តែឲ្យគេ៥ម៉ឺនដុល្លារអាមេរិកសិនបានគេប្រាប់ ទើបភាគីខាងជនរងគ្រោះបានដកឃ្លាពិចារណាវិញ ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ភាគីទាំងពីបានណាត់ជួបគ្នា នៅភោជនីដ្ឋាន ស៊ុបម្រះ ស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលនោះក៏ត្រូវកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅឃាត់ខ្លួនជនសង្ស័យតែម្ដង៕

Facebook Comments
Loading...