ភ្នំពេញ ៖ លើកឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីចំនួន២៤រូប ដែលបានស្មាក់ចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកព្នៅ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ លោកម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ថ្មីនិងចាស់គឺមានតម្លៃស្មើរគ្នា ហើយសង្ឃឹមថាបងប្អូនដែលមករួមរស់គឺមកទាំងកាយ ទាំងចិត្ត មិនស្ទាបស្ទង់ និងស្ទាក់ស្ទើរនោះឡើយ។
លោកបន្តថា សមាជិក សមាជិកា បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការមកចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជានាពេលនេះ ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំជាងគេ ហើយសមាជិក សមាជិកា ទាំងអស់ត្រូវតែស្រលាញ់ថ្នាក់ដឹកនាំ និងស្រលាញ់គណបក្សឲ្យបានស្មើរៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីការលាបព័ណ៍គ្នា បើទោះជាអ្នកនេះនៅបក្សនេះ អ្នកនោះនៅបក្សនោះក៍ដោយ ព្រោះយើងរស់នៅក្នុងដំបូលសន្តិភាពជាមួយគ្នា។
លោកបន្តទៀតថា នៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញលេញល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់ខ្លួន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការរស់នៅ ហើយបើគ្មានថ្ងៃ៧មករា ក៍គ្មានថ្ងៃ២៣តុលានាទីក្រុងប៉ារីស ហើយបើមិនមានថ្ងៃទាំងអស់នេះ ក៍គ្មានអ្វីៗនាពេលបច្ចប្បន្ននេះដែរ។
លោកបន្តថាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូល ពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យតែម្តងនាបច្ចប្បន្ននេះ។
ជាចុងក្រោយលោកម៉ៅ បូរ៉ា បានផ្តាំផ្ញើរដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តសហការ គ្នា ខិតខំឃោសនាផ្សពផ្សាយអំពី កម្មវិធីនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខ។
គួរបញ្ជាក់ថា ក្នុងនោះផងដែរអង្គពិធីបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅជូនដល់សមាជិក សមាជិកាទាំង២៤រូប។ អំណោយរួមមាន៖ ១អង្ករចំនួន ២៥ គីឡូក្រាម ២មីចំនួន០១កេស ៣ទឹកស៊ីអ៊ីវចំនួន០១យួរ ៤ត្រីខចំនួន១០កំប៉ុង និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕