ភ្នំពេញ ៖ កាន់តែក្តៅហើយ តារាសម្តែងលោក ម៉ា ដូណា ទ្រាំលែងបាន ទម្លាយនូវរឿងអាស្រូវ ឧកញ៉ា ពីរនាក់ប្តីប្រពន្ធដែលជំពាក់បំណុលជិត៧ម៉ឺនដុល្លារមិនសង នឹងហៅប៉ូលីសទៅចាប់ដល់ផ្ទះហើយ ដូច្នេះរាល់បុគ្គលដែលដឹងខ្លួនថា ជាប់ពាក់ព័ន្ធនិងបំណុលរបស់លោកសូមចេញមុខដោះស្រាយ បើមិនដូចនេះទេលោកទម្លាយអត្តសញ្ញាណជាបន្តបន្ទាប់ និងក៏ឈានដល់វិធានការផ្លូវច្បាប់មិនខាន។
តារាសម្តែងភេទទី៣ លោក ម៉ា ដូណា ដោយការអត់ទ្រាំលែងបាន និងសម្តីកុហក ឬការគេចវេះពីបុគ្គលមួយចំនួនដែលជំពាក់លុយខ្លួន ពេលនេះលោកបន្តទម្លាយនូវរឿងអាស្រូវរបស់ឧកញ៉ា និងលោកជំទាវពីរនាក់ប្តីប្រពន្ធដែលជំពាក់បំណុលជិត៧ម៉ឺនដុល្លារមិនសង ដោយព្រមានថាបើមិនដោះស្រាយទេ ខ្ញុំចាត់ចែងតាមនីតិវិធីហៅប៉ូលីសទៅចាប់ដល់ផ្ទះនៅវីឡាក្រោយផ្សារទួលគោក។
នេះមិនមែនទើបជាលើកទីមួយនោះទេ ដែលតារាសម្តែងលោក ម៉ា ដូណា ប្រកាសព្រមាននិងទម្លាយឈ្មោះបុគ្គលដែលជំពាក់លុយរបស់ខ្លួន ក្នុងការលេងតុងទីន។ តួយ៉ាងពេលនេះ លោក ម៉ា ដូណា ស្រាប់តែឈានដល់ការព្រមាន និងទម្លាយរឿងបុគ្គល ២ រូប ដែលមានងារជាឧកញ៉ា និងលោកជំទាវផងដែរ។
លោក ម៉ា ដូណា បានលើកឡើងដោយកំហឹងថា សូមគោរពដល់លោកឧកញ៉ា និងលោកជំទាវជួយដោះស្រាយបំណុលជិត៧ម៉ឺនដុល្លារនឹងលុយខ្ញុំធានា៥០០០ដុល្លារបន្ថែមទៀត ដែលខ្ញុំបង់ការជំនួសមួយខែ៥០០ដុល្លារជារៀងរាល់ថ្ងៃនេះ។ បើមិនដោះស្រាយទេ ខ្ញុំចាត់ចែងតាមនីតិវិធីហៅប៉ូលីសទៅចាប់ដល់ផ្ទះនៅវីឡាក្រោយផ្សារទួលគោក។
លោកបន្តទៀតថា ហើយប្រសិនបើនៅតែគ្មានចម្លើយទេ ខ្ញុំនឹងធ្វើការឡាយទៅលើFacebookឲ្យឃើញមុខច្បាស់តែម្តង សុំជួយតបសារផង ព្រោះខ្ញុំទ្រាំឆ្អែតហើយប្រយ័ត្នលោកយាយម៉ៅកាច់ ស្គាល់បណ្ដាសា និងបាបកម្មទេ ហេតុអ្វីមិនស្រលាញ់កិត្តិយសមិនអាណិតដល់កូនដែលធំឡើង ត្រូវគេនិយាយថា មានឪពុកម្តាយដែលកុហកបោកប្រាស់គេហ៊ឺ!។
តារាសម្តែងលោក ម៉ា ដូណា កាលពីថ្មីៗកន្លងទៅធ្លាប់ប្រាប់កម្ពុជាថ្មីថា សម្រាប់អ្នកដែលជំពាក់លុយរបស់លោក គឺមានច្រើនដោយរាប់បញ្ចូលទាំងអ្នករកស៊ី អ្នកសិល្បៈ និងងារជាឯកឧត្តម ឧកញ៉ា ព្រមជំទាវផងដែរ។ ដូច្នេះរាល់បុគ្គលដែលដឹងខ្លួនថា ជាប់ពាក់ព័ន្ធនិងបំណុលរបស់លោកសូមចេញមុខដោះស្រាយ បើមិនដូចនេះទេលោកទម្លាយអត្តសញ្ញាណជាបន្តបន្ទាប់ និងក៏ឈានដល់វិធានការផ្លូវច្បាប់មិនខាន។
សូមជម្រាបដែរថា លោក ម៉ា ដូណា កាលពីថ្មីៗនេះ ក៏បានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលលោកបានផុងខ្លួនរឿងតុងទីនអស់លុយជាង៥០ម៉ឺនដុល្លារផងដែរ ខណៈលោកអះអាងថា ខ្លួនគឺជាជនរងគ្រោះដោយសារកូនតុងទីនបោកជាច្រើននាក់៕