អាងអំណាចឪពុកជាទាហាន ចាក់ដីលុបប្រឡាយ ដែលជាសម្បត្តិរបស់រដ្ឋយកធ្វើជាសម្បត្តិផ្ទាល់ ខណៈអាជ្ញាធរនិងជំនាញហាក់គ្មានអើពើ

0
2135

កំពង់ស្ពឺ ៖ បុរសម្នាក់ ដែលគេស្គាល់ថា កូនទាហាន សឹករងស្រុកគងពិសី សង្ស័យ អាងអំណាចឪពុក ចាក់លុបអូរ ប្រឡាយដែលជាសម្បត្តិរដ្ឋមានតាំងពីយូរលង់ណាស់មកហើយ ក្រោមការគ្រប់គ្រងរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ស្ពឺនោះយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន យ៉ាងរំភើយ ខណៈអាជ្ញាធរនិងជំនាញហាក់គ្មានអើពើ ឬមានចំណាត់ការអ្វីទាល់តែសោះ។

ទីតាំងដែលជនខិលខូចលុបអូរ ប្រឡាយដែលជាសម្បត្តិរបស់រដ្ឋយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននេះស្ថិតនៅជាប់ផ្លូវជាតិលេខ៤១ ខាងត្បូងបង្គោលគីឡូម៉ែត្រលេខ១៩ ស្ថិតនៅក្នុងភូមិ (ថ្លុកធ្នង់) ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមការឱ្យដឹងពីប្រជាពលរដ្ឋថា ជារៀងរាល់ថ្ងៃនេះបុរសដែលហ៊ានចាក់ដីលុបអូរ ប្រឡាយនេះ ជាកូនរបស់ឈ្មោះ ម៉េង ជាទាហាននៅសឹករងស្រុកគងពិសីតែម្តង ហើយការចាក់លុបអូរ ប្រឡាយនេះ គឺមានការចូលរួមជ្រោមជ្រែងពីលោក ប្រធានការិយាល័យសាធារណៈការនិងដឹកជញ្ជូនស្រុកនិងលោកមេភូមិ មេឃុំទើបដំណើរការយ៉ាងរលូនបែបនេះ។

មានការលើកឡើងថា តើយោងទៅលើច្បាប់មួយណាដែលលោកមេភូមិ មេឃុំហ៊ានឱ្យគេចាក់ដីរំលោភយកប្រឡាយ អូរ របស់រដ្ឋបានដោយគ្មានការរំខានពីអាជ្ញាធរ ឬមួយក៏ច្បាប់ទើបបង្កើតថ្មី? អាចឱ្យម្ចាស់ដីដែលមានទីតាំងជាប់និងអូរ ប្រឡាយ ហើយមានសិទ្ធិអាចចាក់ដីលុបអូរ ប្រឡាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបាន? ខែនេះជាខែប្រាំងមិនមានភ្លៀងធ្លាក់ ចុះប្រសិនបើដល់ខែវស្សាពេលភ្លៀងធ្លាក់តើទឹកហូរទៅណាបើបាត់ប្រឡាយមេទឹកទៅហើយនោះ។

ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនិងជំនាញ មិនព្រងើយកន្តើយចំពោះករណី នេះទេហើយចាត់ជំនាញចុះមកហាមឃាត់ហៅម្ចាស់ធ្វើកិច្ចសន្យាឱ្យកាយដីដើម្បីបើកផ្លូវឱ្យមុខទឹកហូរនាពេលខាងមុខជាក់ជាមិនខាន សូមម្ចាស់ដីគិតពីប្រយោជន៍រួមផងកុំគិតពីប្រយោជន៍បុគ្គលខ្លួនឯងខ្លាំងពេក។ ទាក់ទិននឹងរឿងនេះដែរ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ អ្នកយកព័ត៌មានបានខលទំនាក់ទំនងទៅ លោកមេភូមិព្នៅដើម្បីសួរនាំដែរ ប៉ុន្តែខលមិនចូល មិនអាចទំនាក់ទំនងបាន។ ដោយឡែក លោក មេឃុំ ខលចូលចំនួន២ដង ប៉ុន្តែមិនមានអ្នកលើកសោះ។ ក្នុងករណីនេះគេហទំព័រយើងរងចាំការបំភ្លឺពីភាគីពាក់ព័ន្ធជានិច្ចរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...