មន្ត្រីជញ្ជីងអចល័តទាំង៥កន្លែង ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានស្នើផ្លាស់ប្ដូរ សង្ស័យ ក្រោយបែកធ្លាយរឿងអាស្រូវពុករលួយ 

0
2592

ភ្នំពេញ ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានធ្វើលិខិតទៅ កាន់លោក គង់ សោភ័ណ អភិបាលនៃគណះអភិបាលខេត្តកណ្តាល ស្នើសុំធ្វើការផ្លាស់ប្ដូរមន្ត្រី ជញ្ជីងអចល័តទាំង ៥កន្លែង ក្នុងភូមិសាស្ត្រខេត្តកណ្តាល ចេញ ដោយដាក់អ្នកថ្មីជំនួសវិញ។ នេះបើយោងតាមលិខិត របស់លោក ម៉ឹង យូឡេង ថ្ងៃទី២៣ ខែកម្ភៈ ដែលអង្គភាពយើងទើបនិងទទួលបាន នៅថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២២នេះ។

ការស្នើរសុំផ្លាស់ប្តូមន្ត្រីស្ថានីយ៏ ចំនួន៥កន្លែងនោះគេមិនទាន់ដឹងថា មានបញ្ហា កំហុសអ្វីនោះទេ បើយោងតាម ខ្លឹមសារក្នុងលិខិត បញ្ជាក់ថា ដើម្បីធានាដល់ការអនុវត្តន៍ការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឲ្យមានប្រសិទ្ធិភាព និងទប់ស្កាត់ ភាពអសកម្មរបស់មន្ត្រីអនុវត្តការងារមួយកន្លែងច្រើនឆ្នាំ នៅតាមស្ថានីយថ្លឹងរថយន្តអចល័ត អង្គសន្និបាតបាន សម្រេច ត្រូវធ្វើការផ្លាស់ប្តូរសមាសភាពមន្រ្តីថ្មី ឬទីកន្លែងប្រចាំការ នៅតាមស្ថានីយជញ្ជីងអចល័តទាំងអស់។ ដោយឡែកតាមប្រភព មួយផ្សេងទៀតបានឲ្យដឹងថា ការផ្លាស់ប្តូមន្ត្រី ទាំង៥ របស់ខេត្តកណ្តាលខាងលើធ្វើឡើង បន្ទាប់ពីមានការរិៈគន់តាមបណ្ដាញសារព័ត៌មានថា៖ ស្ថានីយថ្លឹងរថយន្តនៅភូមិសាស្ត្រខេត្តកណ្ដាល ។បានឃាត់ឡានដឹកលើសទម្ងន់៦០គ្រឿង យកលុយពីម្ចាស់ឡានហើយ ប្រើល្បិចកេងប្រវ័ញ្ចយកលុយពីក្រសួង ស្នើសុំថវិកាចំនួន ៣៨៩.៧០០.០០០រៀល សម្រាប់ចំណាយលើថ្លៃឈ្នួលកន្លែងរក្សាទុករថយន្ត កម្លាំងយាមរថយន្តមួយចំនួន និងចំណាយថ្លៃ ទឹកភ្លើងមួយចំនួន  ទៀតផង។ តែយ៉ាងណាក៏ដោយ ជុំវិញការចោទប្រកាន់នោះ លោក ម៉ឹង យូឡេង  ប្រធានមន្ទីរសាធារណះការបានចេញលិខិតបកស្រាយនិងបដិសេធរួចហើយកាលពី ថ្ងៃទី២១ ខែកម្ភះ ឆ្នាំ២០២២ កន្លងទៅ។

យោងតាមលិខិត របស់ លោកប្រធានមន្ទីរ បញ្ជាក់ថា ការស្នើរសុំនោះ យោង៖ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិស ដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧-២៨ ខែមករា ឆ្នាំ២០២២ ដើម្បីធានាដល់ការអនុវត្តន៍ការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឲ្យមានប្រសិទ្ធិភាព និងទប់ស្កាត់ ភាពអសកម្មរបស់មន្ត្រីអនុវត្តការងារមួយកន្លែងច្រើនឆ្នាំ នៅតាមស្ថានីយថ្លឹងរថយន្តអចល័ត អង្គសន្និបាតបាន សម្រេច ត្រូវធ្វើការផ្លាស់ប្តូរសមាសភាពមន្រ្តីថ្មី ឬទីកន្លែងប្រចាំការ នៅតាមស្ថានីយជញ្ជីងអចល័តទាំងអស់។ ហេតុដូចនេះ មន្ទីរសូមស្នើសុំ សមាសភាពមន្ត្រីរដ្ឋបាលខេត្តចំនួន០៥រូប (ប្រសិនបើសមាសភាពចាស់ត្រូវប្តូស្ថានីយ ប្រចាំការ) សម្រាប់ប្រចាំការនៅស្ថានីយជញ្ជីងអចល័តចំនួន៥មាន ស្ថានីយកំពង់ភ្នំ-ផ្លូវជាតិលេខ១, ស្ថានីយ ក្រសាំង-ផ្លូវជាតិលេខ២, ស្ថានីយកំពង់ទួល-ផ្លូវជាតិលេខ៣ស្ថានីយអង្គស្នួល-ផ្លូវជាតិលេខ៤ និងស្ថានីយព្រែកស្តី ផ្លូវជាតិលេខ២១។

សូមបញ្ជាក់ផងដែរថា កន្លងមកមន្ត្រី ជញ្ជីងអចល័តទាំង៥កន្លែង ក្នុងភូមិសាស្ត្រខេត្តកណ្តាល បានរងនូវការរិះគន់ពីសំណាក់អ្នករកស៊ីក៏ដូចជាប្រជាពលរដ្ឋផងដែរ ជុំវិញ អំពើពុករលួយ ជាមួយឈ្មួញរកស៊ី បណ្តែងបណ្តោយឲ្យឈ្មួញ ដឹកលើស តាមចិត្តអោយតែ  បង់លុយខ្លះ បើកឆ្លងកាត់ មិនចូលថ្លឹង ដោយមន្ត្រីទាំងនោះចាំណាំស្លាកលេខឡាន ដែលឈ្មួញផ្តល់ឲ្យមក ព្រោះក្រុមឈ្មួញបានបង់លុយជាប្រចាំខែ ដល់មន្ត្រីមេៗ នៅតាមអង្គភាពជញ្ជើញ។ ពាក់ព័ន្ធនិងករណីនេះគេហទំព័រយើងមិនអាចសុំការបកស្រាយពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណះការ និងមន្ត្រីជញ្ជីងអចល័តទាំង៥កន្លែង បានទេ ហើយគេហទំព័រយើងរងចាំការបកស្រាយពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...