បន្ទាប់ពីលោកពូទីន បញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់អាមេរិកអំពាវនាវជាឱ្យចិនថ្កោលទោសរុស្ស៊ី

0
3289

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ថាសេតវិមានបានអំពាវនាវជាថ្មី ឱ្យចិនថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន ខណៈសង្រ្គាមបានឈានដល់ ចំណុចមួយដ៏គ្រោះថ្នាក់ បន្ទាប់ពីលោកប្រធានាធិបតី ពូទីន បញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ត្រៀមខ្លួន ប្រយុទ្ធគ្រប់ពេល។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ MSNBC កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំាពាក្យសេតវិមានលោកស្រី ជែន សាគី (Jen Psaki) បាននិយាយថាចិនបានអនុវត្តតាមការដាក់ទណ្ឌកម្មមួយចំនួន ប្រកាសដោយសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត លោកខាងលិចប្រឆាំងរុស្ស៊ី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពាន ហើយចិនផ្ទាល់ ក៏បានបង្ហាញការគាំទ្រដល់បូរណភាពទឹកដីអ៊ុយក្រែន ផងដែរកាលពីសប្ដាហ៍មុន។

ប៉ុន្តែ លោកស្រី ជែន សាគី បានអំពាវនាវឱ្យចិនធ្វើសកម្មភាពបន្ថែមទៀត។ លោកស្រី សាគី បានបញ្ជាក់ដូច្នេះថា «នេះមិនមែនជាពេលត្រូវ ឈរនៅម្ខាងដោយមិនរវល់នោះទេ។ នេះគឺជាពេលដែលត្រូវបញ្ចេញសំឡេង ហើយថ្កោលទោសសកម្មភាពរបស់លោកប្រធានាធិបតី ពូទីន និងការឈ្លានពានរបស់រុស្ស៊ីលើរដ្ឋអធិបតេយ្យមួយ»។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ពូទីន កាលពីថ្ងៃអាទិត្យនោះដែរបានបង្គាប់ឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ត្រៀមខ្លួនប្រយុទ្ធគ្រប់ពេល ជាការឆ្លើយតបទៅនឹងទង្វើអមិត្តពីបណ្ដាប្រទេសលោកខាងលិច ដែលកំពុងបញ្ជូនអាវុធ និងជំនួយយ៉ាងសន្ធឹកសន្ធាប់ឱ្យអ៊ុយក្រែន។ ប្រទេសជាច្រើនរួមមាន សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, ជប៉ុន, កាណាដា, អូស្ត្រាលី និងសហភាពអឺរ៉ុប បានបញ្ចេញទណ្ឌកម្មប្រឆាំងទីក្រុងម៉ូស្គូជាបន្តបន្ទាប់ ស្របពេលអាល្លឺម៉ង់ក៏បានបញ្ឈប់ដំណើរការប្រព័ន្ធបំពង់ឧស្ម័នមានតម្លៃជាង ១១ពាន់លានដុល្លារជាមួយរុស្ស៊ីផងដែរ៕

SHANGHAI, CHINA – MAY 20: Russian President Vladimir Putin (L) and Chinese President Xi Jingping (R) attend a welcoming ceremony on May 20, 2014 in Shanghai, China. Putin is on a two day visit to China (Photo by Sasha Mordovets/Getty Images)
Facebook Comments
Loading...