ឈ្មួញលួចចាក់ដីចូលសមុទ្រ និងចូលព្រៃលិចទឹកចំនួន២ទីតាំងផ្សេងគ្នា កំពុងប្រណាំង នឹងរដ្ឋបាលខេត្តកែប បំណងបម្រើឲ្យប្រយោជន៍ផ្ទាល់ខ្លួន

0
3363

កែប ៖ តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ស្របពេលរដ្ឋបាលខេត្តកែបកំពុងញាប់ដៃ ក្នុងការចាក់ដីពង្រីកទីតាំងឆ្នេរសមុទ្របន្ថែម មានប្រវែងរហូតដល់ ២.៧០០ម៉ែត្រ ដើម្បីពង្រីកវិស័យទេសចរណ៍  ក៏ស្រាប់តែមាន ឈ្មួញ លួចចាក់ដីចូលសមុទ្រ និងចូលព្រៃលិចទឹក ចំនួន២ទីតាំងផ្សេងគ្នា កំពុងប្រណាំងប្រជែងជាមួយនឹងគម្រោងរបស់រដ្ឋទាំងនោះ ក្នុងគោលបំណងបម្រើឲ្យប្រយោជន៍ផ្ទាល់ខ្លួន។  ក្នុងនោះមួយកន្លែងត្រូវបានអាជ្ញាធរក្រុង ធ្វើការហាមឃាត់ទាន់ពេល និងមួយទីតាំងទៀត អភិបាលស្រុក កំពុងត្រួតពិនិត្យត័ត៌មានលំអិតជាមួយថ្នាក់ក្រោម។

ករណីទាំង២នេះ គឺការលួចចាក់ដីចូលសមុទ្រ មានជំរៅប្រមាណ៥០ម៉ែត្រ និងទទឹងប្រមាណ៣០ម៉ែត្រ ស្ថិតនៅភូមិកែប ក្រុង កែប ខេត្តកែប និងមួយកន្លែងទៀត ករណីចាក់ដីចូលព្រៃលិចទឹក (ដីផលិតកម្មអំបិល) ស្ថិតនៅភូមិភ្នំលាវ ឃុំភ្នំលាវ ស្រុកដំណាកចង្អើរ ខេត្តកែប។

ចំពោះករណីចាក់ដីចូលសមុទ្រលោកស្រី ទិត្យ សុខា អភិបាលក្រុងកែប បានឲ្យដឹងនារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោកស្រីបានឲ្យក្រុមការងារចុះទៅត្រួតពិនិត្យ និងដាក់កម្លាំងឃ្លាំមើលរួចហើយ ដោយសារតែការចាក់នេះធ្វើឡើងនៅពេលយប់។ យ៉ាងណាលោកស្រី មិនបានបញ្ជាក់ពីវិធានការយ៉ាងណាទេចំពោះដីដែលបានចាក់ចូលសមុទ្ររួចហើយនោះ ដោយលោកស្រីបញ្ជាក់ថា កំពុងស្វែងរកអត្តសញ្ញាណ អ្នកនៅពីក្រោយ។ ដោយឡែកចាក់ដីចូលព្រៃលិចទឹក ជាដីផលិតកម្មអំបិល ដែលស្ថិតនៅស្រុកដំណាក់ចង្អើរ លោក ប៊ុន យ៉ូង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ទីតាំងនេះជាដីឯកជនរបស់គេដែលបានស្នើសុំប្តូរប្រភេទដីរួចរាល់ហើយ ពោលលែងជាប្រភេទដីផលិតកម្មអំបិលទៀតហើយ តែការចាក់ដីនេះមានច្បាប់ឬអត់ច្បាប់លោកមិនដឹងនោះទេ។

ជុំវិញច្បាប់ទម្លាប់ នៃការចាក់ដីនេះ លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា លោកស្រីនឹងពិនិត្យការងារនេះជាមួយមន្រ្តីថ្នាក់ក្រោម ព្រោះលោកស្រីមិនចាំថាទីតាំងណាច្បាស់នៅឡើយ៕ ដោយសហការី

Facebook Comments
Loading...