ភ្នំពេញ ៖ ជនខិលខូចម្នាក់ជំនាញខាងឆបោកតាមប្រព័ន្ធទូរស័ព្ទ ថាត្រូវរង្វាន់ពីក្រុមនេះក្រុមហ៊ុននោះ ពេលនេះជាប់អន្ទាក់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ឃាត់បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបើកការស៊ើបសួរ នឹងចោទប្រកាន់ជាផ្លូវការ រួចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដូច្នេះសូមបងប្អូនធ្លាប់រងគ្រោះមើលមុខគាត់ឲ្យច្បាស់ ។
ជនត្រូវចោទឈ្មោះ យត ដាណែត ហៅ ង៉ែត ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ដូចមានឈ្មោះខាងលើនេះ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ពន្ធបទល្មើស ឆបោក (អះអាងតាមទូរសព្ទ័ប្រាប់ជនរងគ្រោះថា ខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដា រូចណែនាំឲ្យជនរងគ្រោះបំពេញលក្ខ័ណតាមការណែ នាំរបស់ខ្លួន ហើយដកយកប្រាក់ចំនួន៧ ២០០ ដុល្លារអាមេរិក ពីក្នុងគណនីធនាគារអេស៊ីលីដារបស់ជនរងគ្រោះ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។
ជាមួយនោះសមត្ថកិច្ចបានចាប់យកវត្ថុតាង ទូរសព្ទ័ដៃម៉ាកសាំសុងអា១០អេស ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៨៦ ៥០០ ០៥០ ចំនួន១ គ្រឿង ។ ជនរងគ្រោះក្នុងអំពើឆបោកនេះមានឈ្មោះ ជាង យី ភេទប្រុស អាយុ ៧១ ស្នាក់នៅផ្ទះលេខ៧អឺ០+៩អឺ០ ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នាយកសាលា ELT ។
លោក ប៊ុន សត្យា បន្ថែមថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២១ មានករណី ឆបោក យកប្រាក់ចំនួន៧ ០០០ ដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ ជាង យី ភេទ ជានាយកសាលា ELT បង្កឡើងដោយជនសង្ស័យចំនួន៣ នាក់ មានឈ្មោះ យត ដាណែត ហៅ ង៉ែត ភេទប្រុស អាយុ៣៥ ឆ្នាំ និងបក្ខពួកឈ្មោះ ប៊ី ភេទប្រុស អាយុប្រហែល៣៧ ឆ្នាំ និងឈ្មោះ ស្នា ភេទប្រុស អាយុប្រហែល២៨ ឆ្នាំ ដោយជនសង្ស័យឈ្មោះ ស្នា បានប្រើលេខទូរសព្ទ័ដៃលេខ ០៦១ ៦៦០ ៣៧៣ និងលេខ ០១១ ៤៩៥ ៣២១ តេទាក់ទងទៅទូរសព្ទ័ដៃជនរង គ្រោះ ដោយនិយាយប្រាប់ជនរងគ្រោះអំពីសេវាកម្មអេស៊ីលីដាម៉ូប៊ែល ថាមានទឹកប្រាក់ជារង្វាន់ ដោយណែនាំឲ្យអតិថិជនចូលទៅក្នុងកម្មវិធីអេស៊ីលីដាម៉ូប៊ែល រួចចុចប៊ូតុងដកប្រាក់រហ័ស ដើម្បីដកប្រាក់ ដោយកុហកជនរងគ្រោះថា ជាទឹកប្រាក់រង្វាន់ ពេលជនរងគ្រោះបញ្ចូលទឹកប្រាក់ហើយ ឲ្យចុចលើពាក្យថា បង្កើត ចំនួន៨ ដង ពេលនោះទឹកប្រាក់នៅក្នុងគណនីរបស់ជនរងគ្រោះត្រូវបានផ្ទេរចេញដោយធនាគារអេស៊ីលីដា ហើយធនាគារអេស៊ីលីដា នឹងផ្ញើលេខកូដសម្ងាត់ចំនួន៦ខ្ទង់ ត្រឡប់មកវិញ ពេល នោះឈ្មោះ ស្នា បានសួរជនរងគ្រោះថា មានឃើញលេខសម្ងាត់ចំនួន៦ខ្ទង់ បង្ហាញលើទូរសព្ទ័ដៃជនរងគ្រោះដែរឬទេ បើឃើញសូមអានលេខសម្ងាត់ចំនួន៦ ខ្ទង់នោះមកប្រាប់គេ(ជនសង្ស័យ) បន្ទាប់ពីជនរងគ្រោះបានអានលេខសម្ងាត់ចំនួន៦ ខ្ទង់ប្រាប់ឈ្មោះ ស្នា បានឲ្យទៅឈ្មោះ យត ដាណែត ហៅ ង៉ែត កត់លេខសម្ងាត់ដែលជនរងគ្រោះប្រាប់ រួចឈ្មោះ យត ដាណែត ហៅ ង៉ែត ប្រាប់លេខកូដសម្ងាត់នេះទៅឈ្មោះ ប៊ី ដែលអង្គុយរង់ចាំនៅទូរអេធីអឹមរបស់ធនាគារអេស៊ីលីដាជាស្រេចនោះ ក៏ ដកប្រាក់តាមលេខសម្ងាត់ យកពីគណនីរបស់ជនរងគ្រោះបានចំនួន៧ ២០០ ដុល្លារអាមេរិក រួចគេចខ្លួនបាត់។ នេះជាល្បិចជនខិលខូចមានលក្ខណៈជាប្រព័ន្ធ ជំនាញឆបោកប្រាក់បងប្អូន តាមទូរស័ព្ទថាត្រូវរង្វាន់ ទីបំផុតគេចមិនផុតពីពន្ធនាគារ៕