តុលាការចេញលិខិតកោះហៅអភិបាលស្រុកព្រះនេត្រព្រះ ពាក់ព័ន្ធការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣

0
3151

បន្ទាយមានជ័យ ៖ អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ ត្រូវបានតុលាការចេញលិខិតកោះអញ្ជើញឲ្យចូលទៅកាន់អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខ ពាក់ព័ន្ធការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក នៅតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នេះបើយោងតាមលិខិតដែលទើបទទួលបាននៅថ្ងៃទី១២ ខែកុម្ភៈ នេះ។

តាមលិខិតចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ តម្រូវឲ្យអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ ចូលទៅកាន់តុលាការនៅវេលាម៉ោង២ រសៀល។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋជាង៨០០ នាក់ រស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នើឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ ដោះស្រាយ ដោយដកហូតដីរដ្ឋ និងព្រៃលិចទឹក ទំហំជាង១០០ ហិកតា ទុកជាសម្បត្តិរួម សម្រាប់ប្រើប្រាស់ក្នុងសហគមន៍វិញ ខណៈដែលពួកគេអះអាងថា ដីនោះត្រូវបានមន្ត្រីមួយចំនួន ឃុបឃិតគ្នាលួចលក់ទៅឱ្យឈ្មួញ។

នៅក្នុងលិខិតចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលមានស្នាមផ្តិតមេដៃរបស់សហគមន៍ភ្នំលៀបជាង៨០០ នាក់ បានរៀបរាប់ថា មេឃុំឈ្មោះ អែម ណុយ បានលក់ដីរដ្ឋ និងដីព្រៃលិចទឹកជាប់បឹងទន្លេសាបទំហំប្រមាណ១២០ ហិកតាឱ្យទៅឈ្មួញ។ តាមរយៈលិខិតនេះ ក្រៅពីដីព្រៃលិចទឹក គឺនៅមានដី២ ទីតាំងទៀត ដូចជាដីក្បែរក្បាលស្ពាន និងដីព្រៃសហគមន៍ ភូមិកំបោរ ក៏ត្រូវបានមេឃុំរូបនោះលក់ដែរ។

លិខិតនោះបានបញ្ជាក់ថា មេឃុំ និងអភិបាលស្រុកព្រះនេត្រព្រះ បានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយទទួលស្គាល់កំណត់ហេតុ និងទីតាំងបង្ហាញប្លង់ដី ដែលបានលក់ទិញ ដោយមានបោះត្រាថែមទៀតផង។

លិខិតនេះ ធ្វើឡើងបន្ទាប់ពីលិខិតចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដែលមានចុះហត្ថលេខា ដោយលោក អែម ណុយ ជាមេឃុំភ្នំលៀប បានចុះកិច្ចព្រមព្រៀងលើការលក់ទិញដីនេះ ឱ្យទៅក្រុមគ្រួសារឈ្មោះ ស៊ា សុឃុន និងប្រពន្ធឈ្មោះ ស្រង់ ទ្រព្យ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

Facebook Comments
Loading...