ភ្នំពេញ ៖ នៅព្រះដំណាក់វាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស ក្រោយយាងចូលទិវង្គត របស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្ស ព្រមទាំងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស ដោយមានអ្នកចូលរួមប្រមាណ៤០០ នាក់ មកពីតំណាងខេត្តនានា។
សមាជវិសាមញ្ញនាព្រឹកនេះ រៀបចំឡើងក្រោមអធិបតីភាពព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ហើយជាលទ្ធផលអង្គសមាជវិសាមញ្ញ បានសម្រេចជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំបន្តវេនពី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងប្រកាសតែងតាំងសមាសភាពអនុប្រធានគណបក្ស ចំនួន០៣រូប គឺ៖ សហជីវិន ឆឹង ចំរើន សហជីវិន ប៉ោ ប៊ុនស្រ៊ុ សហជីវិន ពៅ អៀងគី។
ជាមួយគ្នានោះ សមាជក៏បានអនុម័តសមាសភាពគណៈកម្មាធិការនាយកចំនួន៥៤ រូបផងដែរ និងបានអនុម័តដោយសម្លេងគាំទ្រជាឯកច្ឆ័ន្ទ នូវវិសោធនកម្មលក្ខន្តិកៈ ដែលមាន៖ ក- ស្ដីពីទីស្នាក់ការកណ្តាលគណបក្សបច្ចុប្បន្ន (ជំពូកទី១ ប្រការ៣(ថ្មី) នៃលក្ខន្តិកៈ) ខ- ស្តីពីរចនាសម្ព័ន្ធគណបក្ស (ជំពូកទី៤ ប្រការ១៤(ថ្មី) នៃលក្ខន្តិកៈ) គ- ស្តីពីប្រធានគណបក្ស អនុប្រធានគណបក្ស (ជំពូកទី៦ ប្រការ២២(ថ្មី) នៃលក្ខន្តិកៈ) ឃ- ស្តីពីឧត្តមប្រឹក្សាជាន់ខ្ពស់គណបក្ស (ជំពូកទី៨ ថ្មី ប្រការ៣០(ថ្មី) នៃលក្ខន្តិកៈ) ង- ស្ដីពីគណៈកម្មាធិការនាយក (ជំពូកទី៩ ប្រការ៣១(ថ្មី) ប្រការ៣៣(ថ្មី) នៃលក្ខន្តិកៈ) ច- ស្តីពីជំពូក១៧ អន្តរប្បញ្ញត្តិ ប្រការ៥៩ថ្មី(ស្ទួន) នៃលក្ខន្តិកៈ។
អង្គសមាជវិសាមញ្ញ បានប្តេជ្ញាចិត្តរួបរួមគ្នាដង្ហែតាមព្រះតម្រិះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្រោមដំបូលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ហើយប្ដេជ្ញាចិត្តថា មិនបែកបាក់គ្នា និងប្រកាន់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង តាមព្រះរាជបណ្តាំជាប្រវត្តិសាស្ត្រ នៃអង្គសម្ដេចឪ សម្តេចតា ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតន កោដ្ឋ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ និងព្រះបំណងចុងក្រោយរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ៕