សម្តេចតេជោបង្ហោះរូបប្រៀបធៀបទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន និងពីអតីតកាលខុសគ្នាដាច់ស្រឡះតែម្តង

0
878

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានបង្ហោះរូបប្រៀបធៀបទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន និងពីអតីតកាលបច្ចុប្បន្ន ដោយបញ្ជាក់ថា វាពិតជាខុសគ្នាដាច់ស្រឡះ ហើយសម្តេចបញ្ជាក់ថា ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាពនោះទេ។

សម្តេចបានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា “នេះគឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាសនៅក្នុងខែមករា ឆ្នាំ២០២២នេះ ។ បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។ តាមរយៈទិដ្ឋភាពនេះ បានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញ បាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ”។

បើតាមសម្តេចតេជោ ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន “ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែរីកចម្រើនខ្លាំងថែមទៀត៕

Facebook Comments
Loading...