ប្រជាពលរដ្ឋដែលមានដីនៅក្នុងភូមិដើមចាន់ ចំនួន១៥៣៨ក្បាលដី ទាំងអស់ដែលបានចុះបញ្ជីរួចសូមមកពិនិត្យឲ្យបានគ្រប់គ្នា

0
697

ភ្នំពេញ ៖ សូមបងប្អូនប្រជាពលរដ្ឋដែលមានដីនៅក្នុងភូមិដើមចាន់ ចំនួន១៥៣៨ក្បាលដី ទាំងអស់ដែលបានចុះបញ្ជីរួចសូមមកពិនិត្យមើលក្រែងខុសលេខ ឬខុសឈ្មោះម្ចាស់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុ ដែលក្រុមការងារបាន​ស្រង់រួចយកមកបិទផ្សាយចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះតទៅរហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ខាងមុខ នៅសាលាសង្កាត់ពន្សាំង បើមានខុសទួរលេខក្បាលដី ឬខុសឈ្មោះត្រូវរាយការមកមន្ត្រីប្រចាំការជាបន្ទាន់ដើម្បីឲ្យពួកគាត់ពិនិត្យ និងកែតម្រូវឡើងវិញ តែបើបងប្អូនមិនបានពិនិត្យត្រូវឬខុសនោះទេ ថ្ងៃក្រោយគឺពិបាកកែជាក់ជាមិនខាន។

មួយរយៈមកនេះមានការយឺតបន្តិចដោយសារបញ្ហាកូវិដរីករាលដាលក្នុងសហគមន៍ តែទោះជាយ៉ាងណាយើងនេះតែធ្វើតាមដំណាក់កាលដែលអាចធ្វើបាន ទាំងនេះគឺជាការលើកឡើងរបស់លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខណ្ឌព្រែកព្នៅ តំណាងលោកសារិន វណ្ណា ប្រធានមន្ទីរៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ក្នុងពិធីបិទផ្សាយទិន្នន័យ នូវឯកសារនៃការវិនិឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ។

ដោយឡែកលោកជា ខេមា អភិបាលខណ្ឌស្តីទីខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថាដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ការចុះបញ្ជីរមានសារៈប្រយោជន៍បំផុត ដល់បងប្អូន ព្រោះវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។

លោកបន្តថា ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗក៍បានថែមទៀតផងដែរ។ ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការ វិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរ៕

Facebook Comments
Loading...