ប្រធានគណបក្សខ្មែរក្រោកលោក William Guang ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងក្រុមចោរប្លន់អ្នកលក់ឡេ អ៊ាន សៀវម៉ី

0
1408

ភ្នំពេញ ៖ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន ៥ដើម (វែង១ដើម ខ្លី៤ដើម) កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថិតនៅទីតាំងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់មនុស្សទាំងអស់ ១៣នាក់ (ប្រុស ៩នាក់ ស្រី៤នាក់)  ក្នុងការឃាត់ខ្លួនមនុស្សទាំងអស់នោះក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក  ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី  ផងដែរ  ។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា  កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ,លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រេីប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរី មូន ថោន ផ្ទះវីឡាលេខV01 ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ដោយសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាង។

ជុំវិញព័ត៌មានខាងលើនេះដែរ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងទៅនិងការបិទបញ្ចប់ការសាកសួរជនរងគ្រោះ ឈ្មោះ អ៊ាន សៀវម៉ី អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែង លើករណីជនសង្ស័យមួយក្រុមដែលបានចូលប្លន់ដល់ក្នុងផ្ទះជនរងគ្រោះនៅ បុរីញូថោន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

ដោយជនរងគ្រោះ បានអះអាងថា ទ្រព្យសម្បត្តិសរុបដែលជនសង្ស័យយកទៅមានតម្លៃប្រហែល ៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាង រួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន ១សន្លឹកប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុ រួចភ្លាមៗ កម្លាំងចម្រុះនៃការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងចម្រុះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ  បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុស្រាវជ្រាវចំពោះករណីប្លន់នេះ។

បន្ទាប់មកទៀត សមត្ថកិច្ចជំនាញបានធ្វើការសាកសួរជនរងគ្រោះលើករណីនេះ ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះនៅមានអារម្មណ៍តក់ស្លុត ភ័យខ្លាច និងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះ ទើបរហូតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះបានធ្វើការសាកសួរបញ្ចប់ជាមួយជនរងគ្រោះ លើការបាត់បង់សរុបនេះ។

ក្រោយពីជនរងគ្រោះសម្រួលអារម្មណ៍ បាត់ភ័យខ្លាច និងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកមកប្រើប្រាស់ តាមចម្លើយរបស់ជនរងគ្រោះសម្ភារៈដែលបានបាត់បង់រួមមានខ្សែកពេជ្រធំ ចំនួន៣ខ្សែ និងគ្រឿងអល័ង្កា (ពេជ្រ) មួយចំនួនទៀត យោងទៅលើវិក័យបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ១.៩ លានដុល្លាអាមេរិច និងទូរស័ព្ទដៃម៉ាកI phone ចំនួន២គ្រឿងផងដែរ៕

Facebook Comments
Loading...