បរទេស ៖ នាថ្ងៃចន្ទដើមសប្តហ៍នេះ តម្លៃប្រេងបានហក់ឡើងថ្លៃវិញ បន្ទាប់ពីធ្លាក់ចុះប្រហែលជា១០ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃសុក្រសប្តាហ៍មុន ចុងខែវិច្ឆិកា ស្របពេលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំងលើវីរុសវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងតម្រូវការឥន្ធនៈ។
ប្រេងឆៅ Brent បានឡើងថ្លៃ៣.០៥ដុល្លារ ឬស្មើនឹង ៤.២% ក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ៩.៥០ដុល្លារកាលពីថ្ងៃសុក្រ សប្តាហ៍មុន។
ចំណែកប្រេងឆៅរបស់(WTI) បានកើនឡើងដល់ទៅ៣.២៧ដុល្លារ ឬស្មើនឹង៤.៨%ក្នុងមួយបារ៉ែល បន្ទាប់ពីកាលពីសប្តាហ៍មុនធ្លាក់ចុះ១០.២៣ដុល្លារ។តម្លៃប្រេងបានធ្លាក់រួមគ្នាជាមួយទីផ្សារហិរញ្ញវត្ថុផ្សេងទៀតកាលពីថ្ងៃសុក្រដែលមានជាង១០% ហើយនេះជាការធ្លាក់ចុះច្រើនបំផុតក្នុងមួយថ្ងៃគិតចាប់ពីខែមេសា ឆ្នាំ២០២០មក ខណៈវីរុសបំប្លែងខ្លួនថ្មីបានធ្វើឲ្យក្រុមអ្នកវិនិយោគមានការប្រុងប្រយ័ត្ន និងព្រួយបារម្ភដែលថា អតិរេកផ្គត់ផ្គង់អាចកើនឡើងក្នុងត្រីមាសទីមួយ។
លោក Hiroyuki Kikukawa នាយកចាត់ការទូទៅនៃក្រុមស្រាវជ្រាវនៅ Nissan Securities បាននិយាយថា ៖«មានការកែតម្រូងការទិញលើទស្សនៈដែលថា ទីផ្សារប្រេងត្រូវបានលក់លើសកាលពីសប្តាហ៍មុន និងលើការរំពឹងទុកថា អង្គការនៃប្រទេសនាំចេញប្រេង OPEC+ ប្រហែលជាចាត់វិធានការនៅពេលវីរុស Omicron កំពុងក្លាយជាក្តីបារម្ភ ដែលអាចកាត់បន្ថយទិន្នផល»។
លោកថា ៖«ពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំងគឺថាតើវីរុស Omicron នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងតម្រូវការឥន្ធនៈយ៉ាងណា កិច្ចពិភាក្សាពីចំណាត់ការរបស់ OPEC+ និងនុយក្លេអ៊ែរអ៉ីរ៉ង់នឹងធ្វើសប្តាហ៍នេះ»៕