ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក កឹម សុខា បានចេញមុខវាយប្រហារចំៗថា លោកសម រង្ស៊ី និងសហការី នៅតែបន្តយកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញតិ ថែមទាំងបានបញ្ជាក់ថា សកម្មភាព និងទង្វើនេះបញ្ជាក់ថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននារសៀលនេះ លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង”។
បើតាមលោក កឹម សុខា ថ្មីៗនេះ លោក សម រង្ស៊ី និងសហការី បានត្រលប់ទៅគាំទ្រដោយចំហរ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់លោកឡើយ។
លោក កឹម សុខា បញ្ជាក់ថា “ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និងក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមនោះឡើយ”៕