មេភូមិគឺជាអ្នកទទួលខុសត្រូវមុនគេ ក្នុងការដែលមានគេរំលោភយកប្រឡាយ ចំណីរផ្លូវ និងផ្លូវ

0
642

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា ក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ យើងមានប្លង់មេ និង បានអនុម័តរួចហើយ ចាប់ពីពេលនេះទៅ បើមានការរំលោភយកប្រឡាយ ចំណីរផ្លូវ និង ផ្លូវ តើនណាជាអ្នកទទួលខុសត្រូវ ? ភូមិ សង្កាត់ ឬខណ្ឌ ជាអ្នកទទួលខុត្រូវនោះ?។

ឆ្លើយតបទៅនឹងសំណួរនេះ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យ រៀបចំដែនដី នគររូបនីកម្ម សំណង់និងភូមិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា មានការរំលោភយក ប្រឡាយ ចំណីរផ្លូវ និងផ្លូវ អាជ្ញាធរជាអ្នកទទួលខុសត្រូវ ក្នុងនោះ មេភូមិគឺជាអ្នកទទួលខុសត្រូវមុនគេ ព្រោះគាត់នៅផ្ទាល់ទៅនឹង ភូមិសាស្ដ្រដែលខ្លួនមើលការខុសត្រូវ ដូចនេះរាល់ការរំលោភបំពារបំពាន គឺគាត់បានដឹងមុនគេ។

លោកបានបន្ដថាប្លង់គោលក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ ការិយាល័យ ភូមិបាលខណ្ឌ បានប្រគល់ជូនទៅភូមិសង្កាត់ រួចអស់ហើយ ទាំងផ្លូវ ទាំងប្រឡាយ និងទំហំផ្លូវ ក៏បានបញ្ជាក់ក្នុងផែនទី យ៉ាងច្បាស់លាស់ដែរ ដូចនេះបើមានការរំលោភបំពាន មេភូមិពិតជាដឹង ប៉ុន្ដែមិនមែនឲ្យគាត់ប្រើកម្លាំង ទៅទប់ស្កាត់នោះទេគឺត្រូវ រាយការមករដ្ឋបាលសង្កាត់ ហើយសង្កាត់ ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ រួចរាយការមកការិយាល័យជំនាញ ដើម្បីផ្នែកជំនាញបញ្ជូនព៌តមាននេះទៅគណៈកម្មាការដីធ្លីថ្នាក់ខណ្ឌ ដែលមានលោកអភិបាលខណ្ឌជាប្រធាន ដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។

លោក ប្រធានការិយាល័យភូមិបាល បានលើកឡើងថា កិច្ចការនេះត្រូវធ្វើរួមគ្នាទៅតាមជំនាញរៀងៗខ្លួនតាំងពីថ្នាក់ភូមិដល់ថ្នាក់ខណ្ឌ ដោយចាប់ផ្ដើមពីមេភូមិមុនគេ ហើយប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងដែលត្រូវរំលោភនោះ ក៏អាចចូលរួមក្នុងកិច្ចការនេះដែរដោយត្រូវរាយការមក អាជ្ញាធរ ព្រោះគាត់ក៏ជាម្ចាស់នៃទីតាំងដែលគេត្រូវរំលោភ នោះដែរ។

ក្នុងឱកាសនោះផងដែរលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានណែនាំដល់រដ្ឋបាលសង្កាត់ត្រូវពង្រឹង ភូមិឲ្យបានរឹងមាំព្រោះភូមិជាភ្នែកជាច្រមុះ ជាសេនាធិការឲ្យសង្កាត់ បើភូមិរឹងមាំ ការរំលោភបំពារបំពានលើប្រឡាយ ផ្លូវ ឬចំណីផ្លូវជាដើមគឺមិនអាចកើតឡើងបានឡើយ។

ជាមួយនេះលោក អភិបាលខណ្ឌបានបញ្ជាក់ផងដែរ ពីការទទួលខុសត្រូវលើផ្លូវដែលបានសាងសង់ហើយ គឺក្រុមហ៊ុនសាងសង់ជាអ្នកទទួលខុសត្រូវទៅតាមរយៈពេលក្នុង កិច្ចសន្យា ពេលផុតការធានារបស់ក្រុមហ៊ុន គឺម្ចាស់គម្រោងជាអ្នកទទួលខុសត្រូវ ដោយគម្រោងនៅក្នុងខណ្ឌព្រែកព្នៅម្ចាស់គម្រោងមានទាំងសង្កាត់ ខណ្ឌ និងសាលារាជធានី ។ជាមួយនឹងការថែទាំផ្លូវនេះ លោកអភិខណ្ឌក៏មានគម្រោង លើកស្លាក ហាមរថយន្ដធន់ធ្ងន់ចត នៅលើផ្លូវសំខាន់ៗ ដែលគ្រោងធ្វើឡើង នាពេលឆាប់ៗនេះ ព្រោះនៅលើបណ្ដាផ្លូវមួចំនួនក្នុងខណ្ឌព្រែកព្នៅ មានរថយន្ដធំៗធន់ធ្ងន់ ចតគ្មានសណ្ដាប់ធ្នាប់លើទ្រូងផ្លូវ  ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ស្រុតខូចផ្លូវ ស្ទះចរាចរ បាត់បងសណ្ដាប់ធ្នាប់ និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរផងដែរ៕

Facebook Comments
Loading...