ប៉ៃលិន ៖ បុរសម្នាក់បានកាន់កាំបិត១ឈរមើលទឹកហូរក្នុងស្ទឹង ហើយពេលឃើញឈើអណ្ដែតក៏ចុះទៅចាប់តោងដើម្បីទាញយកឈើនោះ ខណៈនោះក៍ស្រប់តែលិចបាត់ទាំងឈើទាំងមនុស្ស ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៤៧នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅក្នុងស្ទឹងភ្នំដំបង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសដែលបាត់ខ្លួននោះមានឈ្មោះ ណាង ស៊ីណាល់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅស្ថិតនៅចំណុចភ្នំដំបង ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ោ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បន្ទាប់ពីបាត់ខ្លួនជនរងគ្រោះមក គេឃើញមានបន្សល់ទុកវត្ថុតាងនៅទីតាំងកើតហេតុមានកាំបិតកកុកមួយដើម។
ក្រោយពីកើតហេតុខាងលើនេះកម្លាំងសមត្តកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅនិងកម្លាំងប្រជាការពារបានមកពិនិត្យ និងសាកសួរជុំវិញកន្លែងកើតហេតុហើយទទួលបានព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ស៊ាង ម៉ាល័យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា បានរៀបរាប់ថា រូបគាត់បានឃើញបុរសរងគ្រោះឈរនៅត្រើយម្ខាងនៃស្ទឹងបានចុះក្នុងស្ទឹងដែលទឹកកំពុងហូរឡើងខ្លាំង ដើម្បីចាប់យកឈើដែលអណ្តែតមកតាមទឹកស្ទឹង ហើយក៏ស្រាប់តែលិចបាត់ទៅតាមឈើនោះទៅ។ បន្ទាប់មកខ្លួនក៏បានស្រែកហៅឱ្យគេជួយ ហើយរាយការណ៍ភ្លាមៗទៅសមត្ថកិច្ចតែម្តង។ នៅសមត្ថកិច្ចនិងកម្លាំងប្រជាការពារព្រមទាំងបងប្អូនប្រជាពលរដ្ឋ នាំគ្នារកមើលតាមមាត់ស្ទឹងជាច្រើនម៉ោងតែមិនឃើញជនរងគ្រោះឡើយ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ និងប្រជាការពារភូមិព្រមទាំងប្រជាពលរដ្ឋកំពុងដើររកមើលនៅតាមមាត់ស្ទឹងទីតាំងកើតហេតុខាងលើបន្តទៀត៕