ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូន សាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ក្នុងពេលថ្មីៗនេះ មានការបង្ហោះរូបភាពវីដេអូនៅក្នុងបណ្តាញសង្គម TikTok ដែលរូបភាពនោះគឺជារូបភាពបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋាន(ឈុតនគរបាលជាតិ)ច្រៀងត្រាប់តាមបទចម្រៀងក្នុងបណ្តាញសង្គម TikTok ដោយរូបភាពនិងខ្លឹមសារគាត់ធ្វើត្រាប់នេះ ជាហេតុនាំឱ្យមានការភាន់ច្រឡំពីមហាជនទូទៅ ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមTikTok ។
បន្ទាប់ពីបានឃើញនូវរូបភាពវីដេអូក្នុងបណ្តាញសង្គម Tiktok បែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការស្រាវជ្រាវចំពោះរូបភាពនេះ ហើយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះសមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវនិងរកឃើញបុរសនោះគឺឈ្មោះ ផាន់ សម្បត្តិ អាយុ៣៤ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង គាត់មានមុខរបរជាប្រជាការពារឃុំនរា ស្រុកសង្កែ។
តាមការសាកសួរបំភ្លឺ រូបគាត់បានសារភាពថា គាត់ពិតជាបានផលិតរូបភាពជាវីដេអូ ដោយច្រៀងត្រាប់តាមបទ(សុំច្បាប់ប្រពន្ធចូលខារ៉ាអូខេ) ដោយបានស្លៀកពាក់ឯកសណ្ឋានឈុតប្រជាការពារ ស្រដៀងនឹងឯកសណ្ឋានឈុតនគរបាលជាតិរួចផុស Poste ចូលក្នុងបណ្តាញសង្គម TikTok ក្នុងរយៈពេលកន្លងមកដើម្បីជាការកំសាន្តសប្បាយផងនិងចង់ឱ្យមានការចាប់អារម្មណ៍ពីអ្នកទស្សនាផងតែប៉ុណ្ណោះ។
ដោយសារការស្លៀកពាក់ឯកសណ្ឋានបែបនេះ បានបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋានមហាជនទូទៅ ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមTikTok និងមានការវាយតម្លៃក្នុងហេតុផល (អវិជ្ជមាន)ចំពោះមន្រ្តីនិងអង្គភាពនគរបាលជាតិ នៅពេលនេះសមត្ថកិច្ចនគរបាលបានសម្រេចដកហូតយកឯកសណ្ឋានឈុតនគរបាលជាតិនោះមករក្សាទុកនិង បានធ្វើកំណត់ហេតុអប់រំណែនាំកុំឱ្យគាត់ប្រើប្រាស់ឯកសណ្ឋានបែបនេះ ទៅអនុវត្តឬប្រព្រឹត្តិនូវសកម្មភាព ណាមួយដែលនាំឱ្យប៉ះពាល់ដល់អង្គភាព ឬស្ថាប័ននគរបាលជាតិ ។
ទន្ទឹមនេះក៏សូមជម្រាបជូនថា ក្នុងរយៈពេលកន្លងទៅ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជូនដំណឹងជាលាល័ក្ខអក្សរដល់គ្រប់អង្គភាពអធិការដ្ឋាននគរបាល ក្រុង ស្រុក ដែលមានប្រជាការពារសូមបញ្ឈប់ការបំពាក់ ឬអនុញ្ញាតឱ្យគាត់ប្រើប្រាស់ ឯកសណ្ឋានណាដែលស្រដៀងគ្នាជាមួយនឹងឯកសណ្ឋាននគរបាលជាតិ នៅក្នុងពេលបំពេញភារកិច្ចប្រចាំថ្ងៃ ធ្វើបែបនេះ គឺដើម្បីចៀសវាងនូវការភាន់ច្រឡំ រវាងប្រជាការពារជាមួយមន្រ្តីនគរបាលជាតិពីមជ្ឈដ្ឋានមហាជននៅមូលដ្ឋាន។
សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបនិងសូមកុំមានការភាន់ច្រឡំចំពោះរូបភាពជាឃ្លីបវីដេអូនៅក្នុងបណ្តាញសង្គមTikTokនេះសូមអរគុណ៕(ក្រុមការងារប្រតិកម្មរហ័ស)