ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធរួមទាំងអស់ បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ដោយសង្ស័យថា ពុំមានច្បាប់ត្រឹមត្រូវ។
បើតាមលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ បានឱ្យដឹងថា ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យ ខាងលើនេះ កម្លាំងជំនាញ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដកហូតសម្ភារមួយចំនួន ដែលសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីយកទៅធ្វើការត្រួតពិនិត្យ ដើម្បីបញ្ជាក់ថា ឱសថបុរាណទាំងនោះ មានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែរឬទេ។
អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរូបនេះ បានបញ្ជាក់បន្ថែមថា ចំពោះការដកហូតសម្ភារមួយចំនួននេះ គឺត្រូវយកទៅធ្វើតេឡើងវិញ ដើម្បីបញ្ជាក់ថា មានប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឬទេ និងបានកោះហៅម្ចាស់ឱសថបុរាណមកធ្វើការសួរនាំផងដែរ៕ដោយ ៖សហការី