អតីតប្រធានាធិបតីដូណាល់ ត្រាំ ប្តឹងក្មួយស្រីនិងកាសែតញូវយ៉កថែមស៍ទារសំណង១០០លានដុល្លារពីបទផ្សាយឯកសារសម្ងាត់ អំពីទ្រព្យសម្បត្តិគ្រួសារនិងការអនុវត្តពន្ធ

0
816

អតីតប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃអង្គារទី២១កញ្ញា បានប្តឹងក្មួយស្រីរបស់គាត់និងកាសែតញូវយ៉កថែមស៍ទារសំណងខូចខាត១០០លានដុល្លារជុំវិញការចុះផ្សាយរឿងរ៉ាវមួយក្នុងឆ្នាំ ២០១៨ អំពីទ្រព្យសម្បត្តិគ្រួសារនិងការអនុវត្តពន្ធដែលផ្អែកលើឯកសារសម្ងាត់ដែលនាងបានផ្តល់ដល់អ្នកយកព័ត៌មានរបស់កាសែតនេះ។
ពាក្យបណ្តឹងរបស់ត្រាំ ដែលប្តឹងនៅតុលាការរដ្ឋញូវយ៉ក បានចោទប្រកាន់នាង ម៉ារី ត្រាំពីបទរំលោភលើកិច្ចព្រមព្រៀងដោះស្រាយទំនាស់ដោយលាតត្រដាងនូវកំណត់ត្រាពន្ធដែលនាងបានទទួលក្នុងវិវាទជុំវិញទ្រព្យសម្បត្តិរបស់លោកតារបស់នាង ឈ្មោះ ហ្វ្រេត ត្រំា។
ពាក្យបណ្តឹងនេះបានចោទប្រកាន់កាសែតញូវយ៉កថែមស៍និងអ្នកយកព័ត៌មានស៊ើបអង្កេតរបស់ខ្លួនបីនាក់ គឺ Susanne Craig, David Barstow និង Russell Buettner ពីបទតាមរកប្រភពព័ត៌មានឥតឈប់ឈរពីនាងម៉ារី ត្រាំនិងបញ្ចុះបញ្ចូលនាងឱ្យប្រគល់ឯកសារសម្ងាត់។ ពាក្យបណ្តឹងនេះអះអាងថា អ្នកយកព័ត៌មានទាំងបីបានដឹងថាកិច្ចព្រមព្រៀងដោះស្រាយទំនាស់នេះបានរារាំងនាងមិនឱ្យលាតត្រដាងឯកសារសម្ងាត់នេះ។
អត្ថបទរបស់កាសែតញូវយ៉កថែមស៍បានជំទាស់នឹងការអះអាងរបស់លោកត្រាំអំពីទ្រព្យសម្បត្តិដែលបង្កើតឡើងដោយខ្លួនឯង ដោយបញ្ចេញឯកសារសម្ងាត់អំពីរបៀបដែលឪពុករបស់គាត់ឈ្មោះ ហ្វ្រេត ត្រាំ បានផ្តល់ទ្រព្យសម្បត្តិឱ្យគាត់យ៉ាងតិច ៤១៣ លានដុល្លារក្នុងរយៈពេលជាច្រើនទសវត្សរ៍រួមទាំងតាមរយៈគម្រោងគេចវេសពន្ធ។ ម៉ារី ត្រាំបានកំណត់អត្តសញ្ញាណខ្លួនឯងនៅក្នុងសៀវភៅបោះពុម្ពកាលពីឆ្នាំមុនថាជាប្រភពនៃឯកសារដែលផ្តល់ជូនដល់កាសែតញូវយ៉កថែមស៍។
ពាក្យបណ្តឹងរបស់ត្រាំចោទប្រកាន់ថា ម៉ារី ត្រាំ កាសែតញូវយ៉កថែមស៍ និងអ្នកយកព័ត៌មានរបស់ខ្លួន “ត្រូវបានជំរុញទឹកចិត្តដោយគំនុំផ្ទាល់ខ្លួន” ប្រឆាំងនឹងគាត់និងបំណងចង់ជំរុញរបៀបវារៈនយោបាយប្រឆាំងរូបគាត់៕ ប្រភព ៖ Daily Mail

Facebook Comments
Loading...