ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំ តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈ Video Conference ដើម្បីសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែល លោកជំទាវនឹងបញ្ចប់អាណត្តិការងារនាពេលខាងមុខ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ Victoria Kwakwa ដែលបានបំពេញការងារក្នុងអាណត្តិរយៈពេល ០៥ ឆ្នាំ កន្លងមក ហើយបានកសាង ស្នាដៃ និងសមិទ្ធិផលជាច្រើនដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំង ដោយគិតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានប្រមាណជាង ៩០% ធៀបនឹងគោលដៅចំនួន ១០ លាននាក់ និងកុមារ អាយុចាប់ពី ១២ ឆ្នាំ រហូតដល់ក្រោម ១៨ ឆ្នាំ បានប្រមាណ ១,៤ លាននាក់ ធៀបនឹងគោលដៅ ២ លាននាក់ ។ កម្ពុជា ក៏នឹងបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ទាំងអស់ នាពេលឆាប់ៗនេះ លើកលែងតែកម្រិតបឋមសិក្សា ។ បន្ថែមពីនេះ, កម្ពុជា គ្រោងបើកដំណើរការសកម្មភាព សេដ្ឋកិច្ចឡើងវិញតាមបែបគន្លងថ្មី ដោយនឹងត្រូវចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និង ទេសចរណ៍ដែលបានទទួលការចាក់វ៉ាក់សាំងរួច ជាដើម ។
ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យធនាគារពិភពលោក ពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជា ដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងពន្យាពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ទន្ទឹមនឹងនេះ, ឯកឧត្តមអគ្គ– បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏សំណូមពរឱ្យធនាគារពិភពលោកជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណង សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គមដូចជាគម្រោងអប់រំ, អភិវឌ្ឍន៍ជំនាញ និងសុខាភិបាលជាដើម ដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវីដ-១៩ ។
ចំណែកលោកជំទាវ Victoria Kwakwa បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ របស់កម្ពុជានាពេលកន្លងមក ដែលបានធ្វើឱ្យអាណត្តិកិច្ចរបស់លោកជំទាវបញ្ចប់ទៅបានដោយជោគជ័យ ។ លោកជំទាវ ក៏អបអរសារទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស លើចំណាត់ការដ៏រហ័សក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ក៏ដូចជា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងឡាយ ។ ទន្ទឹមនឹងនេះ, លោកជំទាវ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏ល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមស្មារតីគោរពគ្នា និង គោរពភាពជាម្ចាស់របស់កម្ពុជានាពេលកន្លងមក ដែលនេះគឺជាសក្ខីភាពឆ្លើយតបទៅនឹងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលដែលលោកជំទាវចូលកាន់តំណែងដំបូង ។ លោកជំទាវ ក៏បានថ្លែងជំហរគាំទ្រទាំងស្រុងចំពោះសំណើដែលបានលើកឡើងដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំង បានសន្យាពាំនាំយកទៅពិភាក្សាឡើងវិញជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភពលោកដើម្បីដោះស្រាយ ក៏ដូចជាផ្តាំផ្ញើរបន្តទៅលោកជំទាវ Manuela Ferro អនុប្រធានធនាគារពិភពលោកថ្មីដែលនឹងចូលជំនួសរកមធ្យោបាយឱ្យកម្ពុជាមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានឥតសំណង ឬកំចីដែលមានកម្រិតសម្បទាខ្ពស់ ។
ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូន ពរលោកជំទាវឱ្យទទួលបានជោគជ័យថ្មីជាបន្តបន្ទាប់ទៀតក្នុងភារកិច្ចដ៏ឧត្តុងឧត្តមរបស់លោកជំទាវ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយលោកជំទាវ Manuela Ferro ដែលនឹង ចូលកាន់តំណែង ក្នុងពេលឆាប់ៗខាងមុខ៕