កីឡាបរទេស ៖ មានសំនួរជាច្រើនបានលើកឡើងថា ក្លឹបបារាំង Paris Saint-Germain បន្ទាប់ពីបានប្រកាសនៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អំពីការយកបាន Lionel Messi ជាផ្លូវការ តើមានការប៉ះពាល់ដល់ការឈរជើងនៃកីឡាករឯ ទៀតដែរឬយ៉ាងណា? មួយទៀតតើក្លឹប PSG អាចរក្សាជើងអ្នកទាំង៣ មាន Mbappe, Neymar និងMessi ក្នុងក្រុមតែមួយ ហើយស៊ីថ្លៃកប់ពពកដូចគ្នាទាំងអស់នោះបានទេ តើវាល្មើសច្បាប់ FFP ដែរឬយ៉ាងណា?។
កីឡាករ Messi ដែលព្រមមកកាន់ក្លឹម PSG ទទួលបានថ្លៃពលកម្ម ៣៥លានអឺរ៉ូ/ឆ្នាំ ដែលបន្ថែមបន្ទុកចំណាយដល់ក្រាស់ក្រែលមួយទៀតទៅកាន់ក្លឹបសេដ្ឋីបារាំង។ បើតាមសារព័ត៌មាន AS បានចុះផ្សាយថា PSG នឹងមានបញ្ហាជាមិនខានលើរឿងនេះ ពោលគឺគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ។ ប្រភពសង្កត់ធ្ងន់ ក្លឹបកំពុងល្មើសច្បាប់ FFP ដែលជាការដាក់កំហិតលើការចំណាយហើយ ជារួមក្លឹប PSG មិនអាចរក្សាជើងខ្លាំងទាំង៣ដែលមាន Mbappe, Neymar និង Messi ក្នុងក្រុមតែមួយ ហើយស៊ីថ្លៃកប់ពពកដូចគ្នាទាំងអស់នោះទេ។
ពាក់ព័ន្ធនឹងរឿងនេះធ្វើឲ្យគេជឿថា អនាគតរបស់ Mbappe នឹងក្លាយទៅជាមន្ទិលសង្ស័យវិញ ក្រោយ Messi មកដល់ ហើយការផ្ទេរទៅ Real Madrid នឹងកាន់តែមានភាគរយអាចកើតឡើងទៅបាន។ មានហេតុផលធំៗ២ គឺទី១) PSG ត្រូវសម្រួលលើបន្ទុកចំណាយមិនឲ្យល្មើសច្បាប់ FFP និងទី២) សាមីខ្លួន Mbappe ផ្ទាល់ ពីដើមឡើយមិនចង់ដើរតួជាស្រមោលរបស់ Neymar ឥឡូវមកថែម Messi ម្នាក់ទៀត គឺគេកាន់តែមិនអាចទទួលយកបាន។
រំឭកថាបុរសវ័យ២២ឆ្នាំ បានចាយពេលនៅ PSG សរុប១៧២ ប្រកួតរកបាន១៣២ គ្រាប់។ យ៉ាងណាគេមិនទាន់ស្គាល់រសជាតិឈ្នះពានរង្វាន់ Champions League នៅឡើយ ដោយធ្លាប់បង្ហាញឆន្ទៈថាចង់ឈ្នះវាជាមួយក្លឹបបារាំង តែស្ថានភាពពេលនេះគឺផ្សេង ដូចនឹងអ្វីដែលបានរៀបរាប់ពីខាងលើមក៕