ភោជនីយដ្ឋានយីហោ«ផ្ទះឈើម្ហូបខ្មែរ-ថៃ» ដែលល្មើសវិធានការសុខាភិបាលត្រូវបានសមត្ថកិច្ចចុះបង្រ្កាប និងឃាត់មនុស្សប្រុសស្រី១៤នាក់

0
859

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះបង្ក្រាបទីតាំងភោជនីយដ្ឋានយីហោ«ផ្ទះឈើម្ហូបខ្មែរ-ថៃ» ដែលល្មើសវិធានការសុខាភិបាលលួចបើកខុសនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង១០ និង២០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្តីលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះយើងឃាត់ខ្លួនមនុស្ស១៤នាក់ ក្នុងនោះមានម្ចាស់ហាងជាស្រ្តីម្នាក់ បុគ្គលិក៥នាក់ និងភ្ញៀវ៨នាក់។

អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញបានឱ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំងអស់នោះមក ក្រុមគ្រូពេទ្យក៏បានចុះមកយកសំណាក ដោយលទ្ធផលគឺអវិជ្ជមានទាំងអស់។ បន្ទាប់មកទើបសមត្ថកិច្ចធ្វើកំណត់ហេតុ បិទទីតាំងហាងឈ្មោះផ្ទះឈើម្ហូបខ្មែរ-ថៃ និងបញ្ជូនខ្លួនមនុស្សប្រុសស្រីទាំងនោះ មកស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៅតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំ និងបើកហាងផឹកស៊ីជួបជុំគ្នានោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តែផ្ទុយទៅវិញហាងឈ្មោះ ផ្ទះឈើម្ហូបខ្មែរ-ថៃ មិនគោរពតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងល្មើសបម្រាមរបស់សាលារាជធានីភ្នំពេញ បាននាំគ្នាជួបជុំ និងប្រមូលផ្តុំគ្នាផឹកស៊ីខុសពីគោលការណ៍របស់រាជរដ្ឋភិបាល ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌមានជ័យ ចុះទៅបង្រ្កាបភ្លាមៗ និងឃាត់បានមនុស្សប្រុសស្រី១៤នាក់នេះតែម្តង៕

Facebook Comments
Loading...