សត្វពពែជាសត្វងាយស្រួលចិញ្ចឹម ហើយបើមានមេពពែចាប់ពី៥ ទៅ១០​ក្បាល​គឺអាចរកចំណូលឲ្យកូន​រៀន​មិន​លំបាកក្នុងការផ្គត់​ផ្គង់នោះឡើយ

0
691

ភ្នំពេញ ៖ របរចិញ្ចឹមសត្វពពែ អ្នកខ្លះមើលមកថាសាមញ្ញទេ តែបើអ្នក​ដឹង​វិញនោះគឺ មិនធម្មតាឡើយ អោយតែយើងចិញ្ចឹម និងមើលថែវាបានល្អនោះ​ របរ​ល្មមៗមិនអាចប្រៀបបានឡើយ ហើយគ្រាន់តែមានមេពពែចាប់ពី៥ ទៅ១០ក្បាលនោះ គឺអាចរកចំណូលឲ្យកូន​រៀន​ដល់ចប់មហាវិទ្យាល័យក៍​មិន​ភ័យ​ព្រួយឡើយ ក្នុងការផ្គត់​ផ្គង់នោះ។

សត្វពពែគឺជាសត្វជើង៤ មួយប្រភេទងាយស្រួលចិញ្ចឹម វាមានរាងដូច​ជា​សត្វ​គោក្របីដែរ តែវាមិនមានកម្លាំងអូសទាញដូចគោក្របីនោះទេ សត្វពពែវាស៊ីស្លឹក​ឈើ​ជា​អាហារ គេចិញ្ចឹមវា យកសាច់លក់​ដូច​ជា សត្វជ្រូកអញ្ចឹងដែរ ដែលក្នុង​១ឆ្នាំៗវា​ហុចផល​ឲ្យ​ច្រើនសម្រាប់អ្នកចិញ្ចឹមវា។

លោកម៊ិន ប៊ុនធឿន ជាអ្នកចិញ្ចឹមសត្វពពែបង្កាត់ពូជន៍ និងយកសាច់លក់ មានទី​លំនៅ​ក្នុងភូមិសំរោងកណ្តាល់ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាន​ប្រាប់​កម្ពុជាថ្មីឲ្យដឹងថា លោក​ចិញ្ចឹម​សត្វពពែនេះ អស់រយៈពេល១០ឆ្នាំមកហើយ ដោយ​ចិញ្ចឹមលើកទី១នោះគឺគ្រាន់តែ ចិញ្ចឹមគ្រាន់ល្អមើលប៉ុណ្ណោះ។ លោកបន្តថា កាលលោក​ចិញ្ចឹមដំបូងទុកគ្រាន់ល្អមើលនោះ មានមេ៣និងឈ្មូល១ក្បាល​តែ​ប៉ុណ្ណោះ ដែលក្នុង១​ក្បាល់តម្លៃ៦០០ដុល្លា។ តែមកដល់បច្ចប្បន្ននេះ លោកមានពពែ​ប្រមាណ១០០​ក្បាល ដែលបានចែកឲ្យគេចិញ្ចឹមខ្លះផង និងលក់ឲ្យឈ្មួញខ្លះផងនោះ គ្រាន់តែតម្លៃលក់​មេពូជន៍​រាង​ធ្លាក់ថ្លៃជាងមុនបន្តិច នាបច្ចប្បន្ននេះ។

លោកប្រាប់ឲ្យដឹងទៀតថា ក្នុង​មេ១ក្បាល១ឆ្នាំ​វាកូនបាន៣ដង បើគេចិញ្ចឹមវាយក​សាច់លក់វិញ ចាប់ពីកូនកើតមក៥ទៅ៦ខែ ដែលវា​មាន​ទម្ងន់រហូត​ដល់៥០ទៅ៦០​គីឡូ​ក្រាម គេលក់វាហើយ ដោយតម្លៃទូទៅក្នុង​១គីឡូ​ក្រាម ២៨០​០០រៀលឲ្យតែមាន​ពពែលក់​គឺមានម៉ូយគេមកទិញដល់ផ្ទះតែម្តង។

លោកបន្តបញ្ជាក់ថា ការចិញ្ចឹមសត្វពពែវាមិនជាពិបាកអ្វីនោះទេ បើយើងធ្វើ​ទ្រុងដាក់​វាឲ្យ​បានត្រឹមត្រូវនោះ គឺមិនមានជម្ងឺអ្វីនោះឡើយ ព្រោះវា​ជាស​ត្វ​មួយ​ប្រភេទ​ងាយ ស្រួល​ចិញ្ចឹម​បំផុត ឆាប់​ទទួលបាន​ផល រីកសាយ​កូនចៅ​យ៉ាង​ឆាប់រហ័ស ស៊ី​ចំណី​មិន​រើសមុខ អាច​ចិញ្ចឹម​តិច ឬ​ច្រើន​ទៅតាម​លទ្ធភាព​របស់​យើង។ ដោយសត្វពពែវាចូលចិត្តស៊ីស្លឹក​ឈើជាអាហារបំផុត ហើយមិនពិបាកលែងឲ្យវាដើ​រស៊ីពេញ១ថ្ងៃ​ដូច សត្វគោក្របីនោះទេ គឺគ្រាន់​តែពេលព្រឹកយើង ប្រលែងវាឲ្យដើរស៊ីប្រមាណ២ទៅ៣ម៉ោង ហើយពេល​ល្ងាច​ប្រមាណជា២​ម៉ោងទៀតនោះ គឺគ្រប់គ្រាន់សម្រាប់សត្វពពែវាឆ្អែតហើយ។

លោកបន្តថា សត្វពពែវាមិនមានជម្ងឺអ្វីច្រើននោះទេ គឺមានតែជម្ងឺអ៊ុតក្តាម និងកើតអង់គែ តែវា​មិនពិបាកព្យាបាលនោះដែរ ព្រោះលោកចិញ្ចឹមជាង១០ឆ្នាំមកនេះ មិនទាន់មាន​ងាប់​១ក្បាល នៅឡើយទេ។ របរចិញ្ចឹមសត្វពពែនេះ អ្នកខ្លះមើលមកថាសាមញ្ញទេ តែបើអ្នក​ដឹងវិញនោះគឺ មិនធម្មតាឡើយ បើមានមេពពែចាប់ពី៥ទៅ១០ក្បាលនោះ អាចឲ្យកូន​រៀន​ដល់ចប់​មិន​ភ័យ​ព្រួយឡើយ ក្នុងការផ្គត់ផ្គង់នោះ។ បើបងប្អូនណាចង់ចិញ្ចឹមសត្វពពែ និងរៀនពីវិធី​ចិញ្ចឹ​ម​ថែ​រក្សា​វាអោយបានល្អ​នោះ លោកមាន​ពូជនិងបង្រៀនពីវិធីចិញ្ចឹម​ដោយឥតគិតថ្លៃ​ឡើយ​។

ចំណែកអ្នកស្រីប៊ុត សារៀម ជាអ្នកចិញ្ចឹមសត្វពពែរស់នៅភូមិសំរោងកណ្តាល សង្កាត់​សំរោង បាន​ប្រាប់ឲ្យដឹងដែរថា លោកបានទិញសត្វពពែពីលោកម៊ិន ប៊ុនធឿន ចំនួន​៦ក្បាល​រយៈ​ពេលជាង​១ឆ្នាំ​មកហើយ ដោយលោកបានប្រាប់ពីវិធីថែទាំវា និងប្រាប់​ពីការ​ធ្វើទ្រុងក្រាល​រនៀបឫស្សី​ឲ្យខ្ពស់​ពីដី ព្រោះ​អាច​ការពារ​វាពី​សត្វ​ផ្សេងៗ និង​ការពារ​​វា​នៅ​រដូវ​ទឹក​ឡើង ទឹកភ្លៀង សត្វ​ល្អិត ប្រសើរ​ជាង​ការចិញ្ចឹម​ផ្ទាល់​លើដី តែ​យើង​នៅមាន​ជម្រើស​មួយ​ផ្សេងទៀត​ដែរ​គឺ​ការ​ចិញ្ចឹ​ម​លើ​ផ្ទៃ​ចាក់សាប​ ស៊ីម៉ង់​ដ៍ ឬ​លើដី​ទួល​មួយ​ខ្ពស់​ដែល​មិន​ ​លិច​ទឹក។​
​អ្នកស្រីបន្តថា តាម​ការពិតទៅ យើង​អាច​ចិញ្ចឹម​ពពែ​នៅ​លើដី​ក៏បាន តែ​ត្រូវ​ចាក់ដី​ត្រង់​ទី​ដែល​ត្រូវធ្វើ​ទ្រុង​ឱ្យ​វា​នោះ​ឱ្យបាន​ខ្ពស់ជាង​ដី​។ បច្ចប្បន្នមេ៥ក្បាលដែលបានទិញមកនោះ មានកូនសរុប​ជាង២០​ក្បាលហើយ ហើយលោកនិងប្រកប​មុខរបរចិញ្ចឹមសត្វពពែ យ​ក​សាច់លក់នេះ​ជាបន្ត​ទៀត ព្រោះវាបានផ្តល់ប្រាក់យ៉ាងច្រើនក្នុង១ឆ្នាំៗ ដែលបានធ្វើឲ្យ​ជីវភាព ​ក្នុងគ្រួសារ​របស់​លោក​បាន​ប្រសើរឡើងបន្ទាប់ពីបានចិញ្ចឹមសត្តពពែនេះមក៕

Facebook Comments
Loading...