បុរសម្នាក់បន្លំខ្លួនជានគរបាល ដោយយកមួកមិត្តភ័ក្តិ និងអាវជារបស់បងថ្លៃ ហើយលួចដឹកជនជាតិចិនពីតំបន់បិទខ្ទប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
742

ព្រះសីហនុ ៖ បុរសម្នាក់បានបន្លំខ្លួនជានគរបាល ដោយយកមួកថ្នាក់ឧត្ដមសេនីយ៍ ទុកនៅលើតាបឡូរថយន្ដ និងអាវនគរបាល ជារបស់បងថ្លៃពាក់លើកៅអី ហើយលួចដឹកជនជាតិចិន ចេញពីតំបន់បិទខ្ទប់ (តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល ក្នុងខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លូ គឹមហ្វាត ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានទីលំនៅសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមុខរបរជាអ្នកបកប្រែភាសា នៅសណ្ឋាគារម្ដុំណានហៃ សង្កាត់លេខ៣។ បុរសរូបនេះ បានជិះរថយន្ដម៉ាកToyota Camry ព៌ណស ពាក់ស្លាកលេខភ្នំពេញ 2AH-22​63 មានដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO អាយុ២៧ឆ្នាំ ពីម្ដុំសណ្ឋា​គារណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចេញពីគោលដៅហាមឃាត់ ហើយ​ត្រូវសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យឃាត់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លូ គឹមហ្វាត បានប្រាប់សមត្ថកិច្ចថា ចំពោះអាវនគរបាលដែលពាក់នៅលើកៅអីឡានខាងមុខ ជារបស់បងថ្លៃ បម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ។ រីឯមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ ជារបស់មិត្ដភ័ក្តិខ្លួន ជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកយកមកដាក់។ សម្ភារៈទាំងនេះ បងថ្លៃ និងមិត្ដភ័ក្តិបានភ្លេច ក្នុងរថយន្ដរបស់ខ្លួន។

បច្ចុប្បន្ន ករណីនេះកំពុងដំណើនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃខេត្តព្រះសីហនុ៕

Facebook Comments
Loading...