ភ្នំពេញ ៖ ក្រោយការព្យាបាលជាសះស្បើយកុមារាអាយុ ៦ឆ្នាំម្នាក់ ដែលកើតជំងឺកូវីដ១៩ ហើយនាំឲ្យផ្ទុះនូវការរំជួលចិត្តអាណិតអាសូរលើរូបគេនោះ ពេលនេះត្រូវបានអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាលនៅសណ្ឋាគារ Great Duke វិញហើយ។ចំណែកម្តាយរបស់កុមាររូបនេះ ក៏បានជាពីជំងឺកូវីដ១៩ និងអនុញ្ញាតឱ្យចេញពីពេទ្យជាមួយគ្នាផងដែរ ដែលពេលនេះស្ត្រីជាម្តាយ និងកុមារារូបនេះ បានទៅដល់ផ្ទះស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃនេះហើយ ។
បើយោងតាមលិខិតអនុញ្ញាតរបស់គ្រូពេទ្យ បានឲ្យដឹងថា ស្ត្រីជាម្តាយ និងកុមារាអាយុ ៦ឆ្នាំ ត្រូវបានតេស្តអវិជ្ជមានចំនួន២ដង នៅវិទ្យាស្ថានប៉ាស្ទ័រ។ បើទោះបីជាយ៉ាងណា ពួកគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព ។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កុមារាអាយុ ៦ឆ្នាំខាងលើនេះ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ ។ ខណៈនោះពិតជាធ្វើឲ្យរញ្ជូយចិត្តដល់មហាជន មិនតិចទេ តាមរយៈរូបភាពក្រុមគ្រូពេទ្យចុះយកកុមាររូបនេះទៅព្យាបាល និងសកម្មភាពកុមារកាន់សម្ភារផ្សេងៗដើរឡើងរថយន្តពេទ្យនាពេលនោះ៕