កូរ៉េខាងជើងបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្រ្ដដើម្បីបង្កើនអំណាចយោធា នៅក្នុងប្រទេស និងទប់ទល់រាល់ការគំរាមកំហែងយោធាពីសត្រូវ

0
826

បរទេស ៖ កូរ៉េខាងជើង បានចេញសេចក្ដីថ្លែងការណ៍ ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីការធ្វើតេស្ដមីស៊ីលនោះមកថា កូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបាញ់មីស៊ីលនាំផ្លូវជាយុទ្ធសាស្រ្ដប្រភេទថ្មីរបស់ខ្លួន ដើម្បីបង្កើនអំណាចយោធា នៅក្នុងប្រទេស និងទប់ទល់រាល់ការគំរាមកំហែងយោធាពីសត្រូវ។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ថា កូរ៉េខាងជើង បានបាញ់មីស៊ីល ជាលើកដំបូងរបស់ខ្លួន នៅក្នុងឆ្នាំ២០២១ ហើយនេះក៏ជាការបាញ់សាកល្បងលើកដំបូង ចាប់តាំងពីលោក ចូ បៃដិន (Joe Biden) បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ រីឯលោក បៃដិន បានថ្លែងថា « អាមេរិកនឹងឆ្លើតបលើបញ្ហានេះ»។

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលបាល្លីស្ទិករបស់កូរ៉េខាងជើង។ បើតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានហាមប្រាមដល់ប្រទេសកូរ៉េខាងជើង លើការបាញ់សាកល្បងមីស៊ីលបាល្លីស្ទិក។

កូរ៉េខាងជើង បានចេញផ្សាយថ្លែងការណ៍របស់ខ្លួន តាមបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ KCNA នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ថា គ្រាប់មីស៊ីលចំនួន២គ្រាប់ បានបាញ់សាកល្បងទៅលើគោលដៅ មានចម្ងាយ៦០០គីឡូម៉ែត្រ នៅលើឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង ដែលតាមការវាយតម្លៃរបស់ជប៉ុនថា មីស៊ីលបានហោះ នៅចម្ងាយជាង៤០០គីឡូម៉ែត្រ។

កូរ៉េខាងជើង បានបញ្ជាក់ថា មីស៊ីលថ្មីនេះ អាចផ្ទុកទម្ងន់២,៥តោន ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។ ការអភិវឌ្ឍប្រព័ន្ធសព្វាវុធនេះ គឺមានគោលដៅដ៏សំខាន់សម្រាប់កម្លាំងយោធរបស់ប្រទេស ហើយនឹងទប់ទល់រាល់ការគំរាមកំហែងយោធាពីសត្រូវ។ នៅក្នុងការសាកល្បងនោះ មានលោក Ri Pyong Chol ជាមន្រ្ដីជាន់ខ្ពស់មួយរូប ជាអ្នកត្រួតពិនិត្យ ដោយមិនមានវត្ដមានរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះទេ៕

Facebook Comments
Loading...