បុរសម្នាក់ឃើញសត្វជ្រូកព្រៃ១ក្បាលកំពុងប្រយុទ្ធជាមួយសត្វឆ្កែនាំគ្នាបំរុងទៅវាយ ប៉ុន្តែត្រូវជ្រូកស្ទុះមកបុក និងខ្វេះស្លាប់

0
559

ពោធិ៍សាត់ ៖ បុរសម្នាក់ឃើញសត្វជ្រូកព្រៃ១ក្បាលកំពុងប្រយុទ្ធជាមួយក្រុមសត្វឆ្កែរបស់គាត់នៅក្រោយផ្ទះ នាំគ្នាបំរុងវាយសត្វជ្រូក ប៉ុន្តែត្រូវបានសត្វជ្រូកស្ទុះមកបុក និងខ្វេះបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចច្រាបឈ្នួលផ្នែកខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ២០០ម៉ែត្រ ស្ថិតនៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែល(ស្លាប់)ក្នុងហេតុការណ៍នេះមានឈ្មោះ ស៊ុន វី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងស្ថិតនៅភូមិ ឃុំកើតហេតុខាងលើ ចំណែកបុរសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ មិនមានគ្រោះថ្នាក់អ្វីឡើយ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឮសំលេងសត្វឆ្កែរបស់ជនរងគ្រោះព្រូស ខណៈនោះជនរងគ្រោះរួមទាំងបក្ខពួក២នាក់ទៀតនាំគ្នាទៅមើល ក៍ឃើញសត្វជ្រូកព្រៃ១ក្បាលធំកំពុងប្រយុទ្ធជាមួយក្រុមសត្វឆ្កែរបស់គាត់ ខណៈនោះបំរុងនាំគ្នាទៅវាយសត្វជ្រូក ប៉ុន្តែត្រូវបានសត្វជ្រូកស្ទុះមកបុក និងខ្វេះបណ្ដាលឲ្យរងរបួស បន្ទាប់មកបានស្លាប់បាត់បង់ជីវិតបែបនេះ រួចបោលចូលព្រៃបាត់ស្រម៉ោល សូម្បីតែអ្នកទៅជាមួយក៍ជួយមិនទាន់ផង។ ក្រោយកើតហេតុសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...