កីឡាបរទេស ៖ បន្ទាប់ពីក្លិប Barcelona និងក្លិបJuventus បានទទួលរងបរាជ័យដូចគ្នានៅការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League លោក Arsene Wenger និយាយថាការបរាជ័យនេះ គឺដើមចមមកពីក្រុមលេងពឹងផ្អែកតែលើកីឡាករឆ្នើមម្នាក់ៗក្នុងក្រុមមួយៗ ហើយមិត្តរួមក្រុមឯទៀតពួកគេលេងមិនបានល្អគ្រប់គ្រាន់នោះ។
ក្រោយចប់ការប្រកួត តារាឆ្នើម Lionel Messi និង Cristiano Ronaldo បានក្លាយជាប្រធានបទដែលអ្នកគាំទ្រជាច្រើនលើកយកមកនិយាយ។ សូម្បីតែគ្រូតាលោក Arsene Wenger ក៏និយាយពាក់ព័ន្ធនឹងបរាជ័យនោះដែរ ហើយថាដើមចមគឺដោយសារក្រុមលេងពឹងផ្អែកតែលើកីឡាករឆ្នើមម្នាក់ ហើយមិត្តរួមក្រុមឯទៀតពួកគេលេងមិនបានល្អគ្រប់គ្រាន់។
អតីតអ្នកចាត់ការសញ្ជាតិបារាំងនិយាយប្រាប់ beIN Sports បែបនេះថា៖ “វាជាបញ្ហាដែល (Juventus) លេងពឹងផ្អែកតែលើ Ronaldo ម្នាក់ ហើយនេះបង្ហាញថាកីឡាករនៅជុំវិញគេឯទៀតគឺលេងមិនបានល្អគ្រប់គ្រាន់”។ លោកបន្ថែម៖ “វាដូចគ្នាសម្រាប់ Messi ប្រសិនក្រុមពឹងផ្អែកតែលើ Messi ម្នាក់នោះគឺកីឡាករជុំវិញខ្លួនគេលេងមិនកើតហើយ”។ គួរបញ្ជាក់ថា ទាំងក្លិបBarcelona និង ក្លិបJuventus បានទទួលរងបរាជ័យដូចគ្នានៅការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ដោយក្រុមBarca ចាញ់ក្រុមPSG ៤-១ ហើយក្រុមJuventus ចាញ់ក្រុមPorto ២-១៕