លោកសុខ សម្បត្តិ ជំរុញឲ្យអាជ្ញាធរ កម្លាំងប៉ូលីស និងកងរាជអាវុធហត្ថ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពឲ្យបានតែល្អប្រសើរ

0
1060

ភ្នំពេញ ៖ អភិបាលខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ បានជំរុញឲ្យគណៈបញ្ជាការឯកភាពសង្កាត់ទាំង៥ និងកងកម្លាំងប្រដាប់អាវុធ ទាំងប៉ូលិសនិងកងរាជអាវុធហត្ថ ចំណុះអោយគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ត្រូវពង្រឹងការងារអោយកាន់តែល្អប្រសើរ ជុំវិញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាល បានដាក់ចេញ និងត្រូវគោរពឲ្យបាននូវសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ទាំង៧ចំណុចរបស់សាលារាជធានីភ្នំពេញ ដើម្បីរក្សាអោយបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅទាំងមូល។

ការជម្រុញបែបនេះរបស់លោកអភិបាលខណ្ឌនៃគណអភិបាលខណ្ឌព្រែកព្នៅ បែបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅសាលាខណ្ឌព្រែកព្នៅ ដោយមានវត្តមាន លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ មន្ត្រីពាក់ព័ន្ធក្នុងសាលាខណ្ឌ លោកចៅសង្កាត់ទាំង៥ និងប្រធានភូមិ ប្រធានសហគមន៍ជាមកពីបណ្តាសង្កាត់ទាំង៥ផងដែរ។

លោកសុខ សម្បត្តិ បានមានប្រសាសន៍លើកឡើងថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះកន្លងមកឃើញថា យើងអនុវត្តបានល្អប្រសើរ បើទោះបីជាមានភាពចន្លោះប្រហោងបន្តិចបន្តួចក្តី។ លោកអភិបាលខណ្ឌបញ្ជាក់ថា ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពនេះ ទាំងអ្នកមាន អ្នកក្រ ប្រទេសណាក៏ដោយ គេចង់បានគ្រប់គ្នា។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវបានយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនេះអោយបានល្អ ដើម្បីទទួលបាននូវការជឿទុកចិត្តនឹងទទួលបាននូវភាពកក់កពីបងប្អូនប្រជាពលរដ្ឋ។

លោកបញ្ជាក់បន្ថែមថា ជាប់ពីថ្ងៃទី១០កុម្ភៈទៅសាលាខណ្ឌ និងសង្កាត់ទាំង៥ ត្រូវរៀបចំម៉ូតូកង់បីមេក្រូដើម្បីបើកចាក់ផ្សព្វផ្សាយតាមមូលដ្ឋាន នូវសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ​ណី​ចិន និងវៀតណាម ទាំង៧ចំណុចរបស់សាលារាជធានីភ្នំពេញ ឲ្យបានល្អប្រសើរលោ​ក​សង្ឃឹមថា សង្កាត់ទាំងអស់និងធ្វើបាន ហើយយើងខិតខំរួមគ្នាប្រឹងប្រែងធ្វើបន្តទៀតដើ​ម្បីរក្សាអោយបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅទាំងមូល៕

Facebook Comments
Loading...