កំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានបាត់ខ្លួនអស់រយៈពេល១យប់ ស្រាប់តែព្រឹកឡើងក្លាយជាសាកសព មិនទាន់ដឹងអំពីមូលហេតុ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២០ នៅក្បែរផ្លូវថ្មី ភូមិអ្នកតាតាំង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
មន្រ្ដីនគរបាលស្រុកបានឲ្យដឹងថា ស្រីរងគ្រោះឈ្មោះ ឡាំ រដ្ឌា អាយុជាង២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ បើតាមការបញ្ជាក់ពីមិត្តភក្ដិរបស់ជនរងគ្រោះថា កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ នារីរងគ្រោះបានត្រឡប់ពីរៀនវិញ ដោយបានជិះបាឡាស្មាច់មួយគ្រឿង ចម្លងមិត្តភក្ដិដើរដាក់តាមផ្ទះដូចសព្វមួយដង រួចហើយនាងជិះបាឡាស្មាច់នោះ សំដៅទៅផ្ទះ នៅវេលាម៉ោង៧ព្រលប់ថ្ងៃដដែល។ ប៉ុន្ដែក្រុមគ្រួសារមិនបានឃើញនាងត្រឡប់មកផ្ទះវិញទេ។ ដោយសារការបាត់ដំណឹងយូរពេក ទើបក្រុមគ្រួសារនាំគ្នាដើររក អស់រយៈពេលមួយយប់ នៅតែរកមិនឃើញ ហើយរហូតដល់ព្រឹកឡើង ទើបប្រទះឃើញសាកសពអណ្ដែតទឹក នៅចំណុចកន្លែងកើតហេតុខាងលើ។
ទោះជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុ នៃការស្លាប់របស់នារីរងគ្រោះនៅឡើយ។ ក្រោយពេលកើតហេតុ អាជ្ញាធរភូមិឃុំ និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ បានប្រគល់សពទៅឲ្យក្រុមគ្រួសារ ដើម្បីរង់ចាំមន្ត្រីជំនាញ ចុះមកធ្វើកោសល្យវិច័យ ដើម្បីស្វែងរកការពិត៕