ក្រុមប្រឹក្សាខណ្ឌស្នើឲ្យរដ្ឋបាលខណ្ឌព្រែកព្នៅ ជួយដោះស្រាយបញ្ហា ក្រុមហ៊ុនធ្វើរបងព័ទ្ធមិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ដីរបស់ពួកគាត់ក្នុងសង្កាត់ពញ្ញាពន់

0
781

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌ ជួយដោះស្រាយបញ្ហាដែលក្រុមហ៊ុន ហ៊ុមរបងព័ទ្ធមិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ដីរបស់ពួកគាត់នៅសង្កាត់ពញាពន់ និងសូមឱ្យរដ្ឋបាលខណ្ឌចុះពិនិត្យមើល សំណង់ នៅសង្កាត់ពន្សាំង ដែលកំពុងដំណើការសាងសង់ ដែលគា្មនប្រព័ន្ធបង្ហូរទឹកស្អុយនិងរំលោភនៅលើចិញ្ចើមផ្លូវ។

លោក គូ អឿន ចៅសង្កាត់ពញ្ញាពន់មានប្រសាសន៍ថាបញ្ហាក្រុមហ៊ុនព័ទ្ធរបងនេះ គឺគេ ព័ទ្ធរបងតែនៅលើដីរបស់ក្រុមហ៊ុនទេ ហើយកន្លែងដែលមានផ្លូវស្រាប់ ក្រុមហ៊ុន បានទុកផ្លូវសម្រាប់ប្រជាពលរដ្ឋចេញចូលដដែល ដោយឡែកដីដែលនៅឆ្ងាយគឺពុំមានផ្លូវចូលតាំងពីមុនមកម្លេះ។

ឆ្លើយតបទៅនឹងសំណើខាងលើ លោក ស៊ូស៊ីវុត្ថា ប្រធានប្រធានការិយាល័យ ដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ដីដែលក្រុមហ៊ុនព័ទ្ធរបងជុំវិញនោះ មានឈ្មោះថាដី៩៣ ទំហំ៣០៨ហិកតា និងមាន៨៨ប័ណ្ណ គឺជាដីទំនាស់ជាយូរយារមកហើយ។តាមការស្រាវជ្រាវរបស់លោក ប្រវត្តិដីនេះ មុនដំបូង មានក្រុមហ៊ុនចិន ១បានជួលមេធាវីមកទិញដីនេះ ដោយបានរៀបចំគណៈកម្មការ១ក្រុម មានសមាជិក២១នាក់ ដើម្បីប្រមូលទិញ។ ក្នុងចំណោមដីទាំង៨៨ប័ណ្ណ គឺមានម្ចាស់ដីចំនួនច្រើនបានលក់ទៅឲ្យក្រុមហ៊ុនចិន ប៉ុន្ដែក៏នៅមានម្ចាស់ដី១ចំនួនទៀត មិនបានលក់ឲ្យក្រុមហ៊ុនចិនដែរ។ក្រោយពីទិញហើយក្រុមហ៊ុនចិនពុំបាន អភិវឌ្ឍដីនោះទៅជាអ្វីឡើយដោយទុកនៅទំនេរជាច្រើនឆ្នាំពោលគឺតាំងពីឆ្នាំ១៩៩៣មក ធ្វើឱ្យអ្នកលក់ដីឲ្យចិនមួយចំនួនចង់ទាមទារ យកដីនេះវិញដោយ ថាខ្លួនពុំទាន់បានលុយគ្រប់ អ្នកខ្លះថាបានតែប្រាក់កក់។ ដោយសារក្រុមហ៊ុនចិន ឈឺក្បាលពីបញ្ហានេះ ក្រុមហ៊ុនបានលក់ដីរបស់ខ្លួនទៅឲ្យ  ឈ្មោះ អ៊ុយ បូវី និងគង់ សុធី រហូតមកទល់បច្ចុប្បន្ននេះ។ ប៉ុន្តែក្រោយមកដោយសារឈ្មោះអ៊ុយ បូវី និងគង់ សុធី ចង់បញ្ចប់រឿងនេះក៏សម្របសម្រួលធ្វើគោលនយោបាយឲ្យអ្នកដែលបានលក់ទាំងអស់ហើយ ក៏ធ្វើរបងហ៊ុមព័ទ្ធដីរបស់គេតែម្ដងប៉ុន្តែនៅក្នុងនោះក៏មានដីអ្នកដែលមិនទាន់បានលក់ដែរ អ្នកទាំងនោះហើយ ដែលពិបាកក្នុងការធ្វើដំណើរទៅកាន់ដីរបស់ពួកគាត់ដោយសារមានរបងហ៊ុមព័ទ្ធជុំវិញ។

លោក ស៊ូ ស៊ីវុត្ថា បានមានប្រសាសន៍ទៀតថា កន្លងមកក្រុមហ៊ុនបានធ្វើការដោះស្រាយសម្របសម្រួលតែជាមួយរដ្ឋបាលសង្កាត់ ចំណែក ភូមិបាលខណ្ឌ និងរដ្ឋបាលខណ្ឌមិនបានដឹងឡើយ។ ដូចនេះសូមសង្កាត់ ធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ និងសូមឲ្យលោក អភិបាលខណ្ឌ ដាក់មន្ដ្រីជំនាញចុះទៅជាក្រុម ដើម្បីត្រួតពិនិត្យ និងដោះស្រាយ ព្រោះតំបន់នោះក៏ជាតំបន់ ដីដែលជាប់អនុក្រឹត្យផងដែរ។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ចំពោះដី៩៣យើងនឹងបង្កើតក្រុមការងារ ឬក្រុមការងារដែលមានស្រាប់ ដើម្បីចុះទៅត្រួតពិនិត្យ ប៉ុន្ដែសូមឲ្យអ្នកដែលមិនសុខចិត្តនិងក្រុមហ៊ុនដែលធ្វើរបងព័ន្ធ ប្ដឹងទៅសង្កាត់ ហើយសង្កាត់ត្រូវបញ្ជូនរបាយការមកខណ្ឌ ដើម្បីខណ្ឌចារ ហើយបញ្ជូនក្រុមការងារឲ្យចុះទៅក្នុងសប្ដាហ៍ក្រោយនេះតែម្ដង។

ដោយឡែកសម្រាប់ ការចុះត្រួតពិនិត្យសំណង់ មន្ដ្រីសង្កាត់ ភូមិ សូមជួយពិនិត្យមើលក្នុងភូមិសាស្ដ្ររបស់ខ្លួន ពេលមានការដ្ឋានសាងសង់កើតឡើងត្រូវ រាយការណ៍ជាបន្ទាន់មករដ្ឋបាលខណ្ឌក៏ដូចជាភូមិបាលខណ្ឌ ដើម្បីធ្វើការទប់ស្កាត់ចំពោះសំណង់ដែលខុសច្បាប់បានទាន់ពេលវេលា ព្រោះគ្រប់សំណង់ទាំងអស់ មិនអាចសង់ជាប់និងផ្លូវបានឡើយគឺត្រូវមានគម្លាត សម្រាប់ផ្ទះធម្មតាគឺត្រូវមានគម្លាត៤ម៉ែត្រពីគែមផ្លូវ សម្រាប់សំណង់ធំៗសណ្ឋាគារ​ ខ្ពស់ខ្ពស់ ត្រូវមានគម្លាតពីគែមផ្លូវចំនួន៨ម៉ែត្រ៕

Facebook Comments
Loading...