ភ្នំពេញ ៖ ជនជាតិចិនដែលត្រូគេចាប់ជំរិតម្នាក់ បានខំព្យាយាមរើបំរាស់ដោយដណ្តើមបានកាំភ្លើងខ្លី១ដើមពីក្រុមជនដៃដល់ ហើយរត់កាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនសួរនាំ កាលពីវេលាម៉ោង២០និង៣០នាទីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តាយផ្លូវ២០០ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា កាំភ្លើងខ្លីដែលជនជាតិកាន់ជាប់និងដៃនោះមិនស្គាល់ម៉ាកដោយ ភ្លាមនោះកម្លាំងបាននាំខ្លួនជនជាតិចិនខាងលើនេះមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ។
ក្រោយពីបានធ្វើការសាកសួរបំភ្លឺរួចមកជនជាតិចិនបានប្រាប់ថារូបគាត់ ត្រូវបានជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ ចាប់ជំរិតគាត់ ដោយបានទាមទារប្រាក់ជាថ្នូរ ក្នុងការដោះលេងចំនួន(២៥០,០០០ដុល្លារអាមេរិក) នៅចំណុចជាន់ទី៩ បន្ទប់គ្មានលេខ ជាប់ជណ្តើរយន្ត ក្នុងHotelវិន សិន នេស សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឡែកកាំភ្លើងមួយដើមនេះគឺគាត់បានដណ្តើមយកពីពួកវាទេ។
សមត្ថកិច្ចបញ្ជាក់ថាដោយបានពិនិត្យសភាពការរួចមកកម្លាំងបានពន្លាតដែនដីបន្តទៅសហការជាមួយកម្លាំងនៃអធិការដ្ឋានខណ្ឌសែនសុខ ចុះទៅទីតាំង Hotel ខាងលើ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២២និង០០នាទី ជាជាក់ស្តែងជនសង្ស័យមួយក្រុមជាជនជាតិបានដឹងខ្លួន គេចចេញទៅអស់ នៅវេលាម៉ោង២០និង៥០នាទី មុនសមត្ថកិច្ចចុះមកដល់ (មើលតាមរយៈកាមេរ៉ាសុវត្តិភាពក្នុងHotel) និងបានសន្សល់ទុកនូវរថយន្តធ្វើសកម្មមួយគ្រឿងម៉ាក ស្តារេច ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB 1350។
សមត្ថកិច្ចបញ្ជាក់ទៀតថាបុរសជនជាតិចិនដែលត្រូវបានឃាត់ខ្លួនក្នុងសកម្មភាពរត់កាន់កាំភ្លើងខ្លីនោះតាមស្លាកស្នាមដែលដោះអាវពិនិត្យជាក់ស្តែងឃើញថាបុរសជនជាតិចិននោះត្រូវបានគេវាយធ្វើទារុនកម្មដោយមានស្លាកស្នាមពេញខ្លួនប្រាណនិងក្បាលផងដែរ។
សមត្ថកិច្ចបញ្ចាក់ទៀតថាជនរងគ្រោះនិង វត្ថុតាងកាំភ្លើងខ្លីមិនស្គាល់ម៉ាក (គ្រាប់ចំនួន០៤) និងរថយន្តម៉ាក ស្តាតេច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2BB1350 កម្លាំងខណ្ឌដូនពេញបានប្រគល់អោយសមត្ថកិច្ចខណ្ឌសែនសុខដើម្បីចាត់ការស្រាវជ្រាវបន្តទៀត៕