ព្រានព្រៃពីរនាក់ចូលធ្វើសកម្មភាពបាញ់សត្វព្រៃ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាងត្រូវបានឃាត់ខ្លួន

0
8837

រតនគិរី ៖ ព្រានព្រៃពីរនាក់ ត្រូវបានឃាត់ខ្លួន ពេលពួកគេកំពុងធ្វើសកម្មភាពបាញ់សត្វព្រៃ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកវើនសៃ ខេត្តរតនគិរី នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

យោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ព្រានព្រៃទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនដោយមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ពេលពួកគេកំពុងដើរល្បាត។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ អាង ប៊ុន និងឈ្មោះ ពឺត ចិត្ត។

ទន្ទឹមនឹងការឃាត់ខ្លួនព្រានព្រៃទាំងពីរហើយនោះ មន្ត្រីឧទ្យានុរក្សដកហូតបានសត្វព្រៃដែលព្រានបាញ់សម្លាប់ចំនួន៣ក្បាល រួមមាន សត្វឈ្លូស ២ក្បាល និងក្តាន់ញ៉ែង០១ក្បាល។ មន្ត្រីឧទ្យានុរក្ស ក៏ដកហូតបានអាវុធកែច្នៃប្រើរំសេវជាតិផ្ទុះចំនួន២ដើម រំសេវមួយប្រអប់តូច គ្រាប់វាល់កង់មួយប្រអប់តូច។

ក្រោយដកហូតសត្វព្រៃទាំងបីក្បាល ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែង។ រីឯអាវុធកែច្នៃចំនួន២ដើម រំសេវ ១ប្រអប់តូច និងគ្រាប់វាល់កង់ ត្រូវបានយកទៅរក្សាទុកនៅមន្ទីរបរិស្ថានបណ្តោះអាសន្ន។ ចំណែកជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវីធីច្បាប់៕

Facebook Comments
Loading...